សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវគំរាមកំហែង ប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យជនបរទេសទាំងនោះ កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុកវិនិយោគនៅប្រទេសកម្ពុជាបន្ថែម។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺជាការងារធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «យើងក៏ធានាដល់ការលើកទឹកចិត្តសម្រាប់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ផងដែរ។ គឺខិតខំលើកទឹកចិត្តដល់អន្ដោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅប្រទេសកម្ពុជា ជាពិសេស អន្ដោប្រវេសន៍ស្របច្បាប់ ធ្វើយ៉ាងម៉េច? ឱ្យគេរស់នៅប្រកបដោយសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បីលើកទឹកចិត្តឱ្យគេកៀរគរជនបរទេសផ្សេងៗទៀត ឬអ្នកវិនិយោគិនផ្សេងទៀតពីបរទេសមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន»។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ពង្រឹងការការពារជនបរទេស ហើយប្រឆាំងដាច់ខាតចំពោះបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស តាមច្រកព្រំដែន ផងដែរ៕
No comments:
Post a Comment