កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសង្រ្កាន្តឆ្នាំ២០២២ នៅសួនសម្តេចចៅហ៊្វាវាំង គង់ សំអុល ដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយលោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំងនិង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ពីមន្ទីរអង្គភាពជំនាញ អំពីដំណើរការរៀបចំទីតាំងសម្រាប់សង្រ្កាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបានរៀបចំនៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល រួចមក។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីកន្លែងដែលអាចរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅសួនសម្តេចចៅហ៊្វាវាំង គង់ សំអុល ធ្វើការរៀបចំដាក់ភ្លើងពណ៌អោយមានសោភ័ណភាពល្អពេលរាត្រី ចងទង់ខ្សែសម្រាប់ការលេងល្បែងប្រជាប្រិយ៍ខ្មែរកន្លែងប្រគំតន្ត្រី និង រៀបចំសណ្តាប់ធ្នាប់ធានាបានមិនមានការកកស្ទះការធ្វើដំណើរកម្សាន្តដល់បងប្អូនដែលមកចូលរួមសប្បាយ និងរៀបចំតុបតែងកន្លែង ដែលអាចឲ្យភ្ញៀវទេសចរអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបង្ការការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុខាភិបាល៣កុំ និង៣ការពារ ធ្វើយ៉ាងណាធានាដល់សុខុមាលភាពភ្ញៀវទេសចរមិនមានផលប៉ះពាល់ពីបញ្ហាកូវីដ-១៩ ក្រោយមកទស្សនាខេត្តកំពង់ឆ្នាំង៕
No comments:
Post a Comment