ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្ដម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ និង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ក្នុងភូមិព្រែករាំង ភូមិព្រែករាំង ១ និងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាព មានការអភិវឌ្ឍន៍ មានភាពរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ មានកំរិតជីវភាពធូរធារ ដូច្នេះយើងត្រូវទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្សជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា ផ្លូវបេតុងអាមេ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺទទួលបានឥណទានថវិការបស់ រដ្ឋបាលខេត្តកណ្ដាល ដែលជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹង សមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសនាបតីតជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តី សង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់ អជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ពិសិសត្រូវ បំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ។ ត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៏បានទាន់ពេលវេលា។
No comments:
Post a Comment