រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២។សន្និបាតប្រព្រឹត្តនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងបើកសន្និបាត ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា លទ្ធផលការងារបស់រដ្ឋបាលខេត្តដែលសម្រេចបាននាឆ្នាំ២០២១មកនេះ បានបង្ហាញនូវចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម ដែលតម្រូវអោយអង្គសន្និបាត ធ្វើការពិភាក្សាគ្នា បន្ថែមទៀតដើម្បីដាក់ចេញនូវគោលដៅសម្រាប់អនុវត្តបន្តនាឆ្នាំខាងមុខដូចជាការពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ធ្វើអោយភូមិដ្ឋានមានសុខសុវត្ថិភាព និង ការពង្រឹងការផ្សព្វផ្សាយដល់រដ្ឋបាលមូលដ្ឋានអំពីការចូលរួមអនុវត្តវិធានការសុខាភិបាល ការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្ត បន្តថាគោលដៅសម្រាប់បន្តអនុវត្តនាពេលខាងមុខ គឺជា ការអនុវត្តនូវកម្មវិធីនយោបាយនានា និង លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃអោយទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទាមទារ អោយថ្នាក់ដឹកនាំអង្គភាព អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់់ថ្នាក់ ធ្វើការពិភាក្សាគ្នា ផ្តល់មតិយោបល់ឱ្យបានផុលផុស យកទៅអនុវត្តសម្រាប់ឆ្នាំបន្ត ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
No comments:
Post a Comment