នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» លោកជំទាវ ញាណ ទិត្យចិន្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកសាខា លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកបរកែវ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ស្រ្តីមានផ្ទៃពោះ និង ស្រ្តីទើបសម្រាលកូនរួច ចំនួន១០ នាក់ មកពី ឃុំលុងឃុង ឃុំឡាមិញ ឃុំកក់ ឃុំស៊ើង ដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកជំទាវអនុប្រធាន បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ ដែលជួបការលំបាកផ្សេងៗ និងបានពាំនាំសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ទាំង ៦ ចំណុច ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច ដើម្បីបន្ថែមការយល់ដឹងពីការថែទាំគភ៌ និងគុណតម្លៃនៃការផ្តល់សេវាសុខភាពបន្តពូជ សុខភាព មាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ។
ជាមួយគ្នានេះ លោកជំទាវក៏បានជំរុញបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទទួលវ៉ាក់សាំង ដូសទី២ហើយ អោយទៅទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងនាំកុមារពីអាយុ៣ឆ្នាំ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព តាមការណែនាំរបស់អាជ្ញាធរ និងគ្រូពេទ្យ អោយបានគ្រប់ៗគ្នា ហើយបន្តអនុវត្ត ៣ការពារ ៣កុំ ដោយការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មី (អូមីក្រុង)។
បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខរួច លោកជំទាវ និងសហការី បានជូនឃីតទារកក្នុងម្នាក់ៗទទួលបាន ៖ ពូកសម្រាប់ទារក ១ឈុត មួក១ ស្រោមដៃស្រោមជើង ១គូ ខោ-អាវទារក១កំប្លេកន្សែងពោះគោ១ មុងក្រុង១ សាប៊ូ១ដប ម្សៅ១កំប៉ុង ទឹកដោះគោឆៅ ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ ៕
No comments:
Post a Comment