ភ្នំពេញ៖ នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជននិងបងប្អូនប្រជាពលរដ្ឋផងដែរនោះ។
នេះបើតាមការបញ្ជាក់ពីឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោហ៊ុនសែន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខខណ្ឌចំការមននាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២២នេះ។
ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេស ការអប់រំប្រជាពលរដ្ឋ អោយបានដល់ដឹង ពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលធ្វើអោយទីក្រុងភ្នំពេញរបស់យើង ស្អាតបន្ថែមពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។
ឯកឧត្ដមបន្តថា នៅតំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរដែលធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើអោយប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម នួន ផារ័ត្ន ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដូចជាវិស័យឯកជនចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀតលើការទុកដាក់សំរាម ដើម្បីអោយភ្នំពេញរបស់យើងកាន់តែមានសោភ័ណ្ឌភាព មានបរិស្ថានល្អប្រសើរជាងមុនបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានី ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕
No comments:
Post a Comment