សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា សម្តេចនឹងខិតខំបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមពន្ធនាគារនានា ពិសេសពន្ធនាគារដែលមានអគារចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីដោះស្រាយ គឺភាពចង្អៀតណែន ដោយសារការកើនឡើងនៃជនជាប់ឃុំ និងដើម្បីអាចបង្ការហានិភ័យដល់សន្តិសុខ និងសុវត្ថិភាពនៅតាមពន្ធនាគារទាំងនោះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅតាមពន្ធនាគារនាពេលបច្ចុប្បន្ន មានភាពចង្អៀតណែន ដោយសារការកើនឡើងនៃជនជាប់ឃុំ អគារនិងហេដ្ឋារចនាសម្ព័ន្ធនៅពន្ធនាគារមួយចំនួនមានភាពចាស់ទ្រុឌទ្រោម។ ទន្ទឹមនេះ ហេតុដូច្នេះហើយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងវិធានការសម្រាប់កាត់បន្ថយចំនួនអ្នកជាប់ឃុំ ដោយសម្តេចក្រឡាហោម បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការពិនិត្យព្យាបាល និងបង្កើតកម្មវិធីដើម្បីធានាស្តារនីតិសម្បទាដល់ជនជាប់ឃុំ ដែលធ្លាប់បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ស្របជាមួយគ្នានេះដែរ ត្រូវរៀបចំបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទណ្ឌិតក្នុងបទល្មើសគ្រឿងញៀននៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ចំពោះខេត្តដែលមានលទ្ធភាពគួររៀបចំមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផង និងកាត់បន្ថយបទល្មើសនៅមូលដ្ឋានផង។
ក្នុងនោះអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តលើកកម្ពស់ការអប់រំវិជ្ជាជីវៈដល់ទណ្ឌិត សិក្សាស្រាវជ្រាវអំពីប្រព័ន្ធនីតិវិធីនានា នៃការធ្វើសមាហរណកម្មទណ្ឌិតដែលបានដោះលែងទៅក្នុងសហគមន៍ និងការផ្តល់ព័ត៌មានទៅវិញទៅមកអំពីកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ក្រោយពេលដោះលែងជនជាប់ឃុំទាំងនោះ៕
No comments:
Post a Comment