ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់សង្គមកើតឡើង ៧.៣៤៧លើក ថយចុះ៤៧១លើក ស្មើ៦% ខណៈអ្នកស្លាប់ កើនឡើង ២៥៩នាក់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, February 21, 2022

ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់សង្គមកើតឡើង ៧.៣៤៧លើក ថយចុះ៤៧១លើក ស្មើ៦% ខណៈអ្នកស្លាប់ កើនឡើង ២៥៩នាក់


 ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់សង្គមកើតឡើង ៧.៣៤៧លើក ថយចុះ៤៧១លើក ស្មើ៦% ខណៈអ្នកស្លាប់ កើន២៥៩នាក់ របួសថយចុះ ៦៤៤នាក់។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បញ្ជាក់បែបនេះក្នុងឱកាស វិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានឱ្យដឹងបន្ថែមទៀតថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ មាន២.៦៥៤លើក ស្លាប់១.៤៨៥នាក់ របួស ៣.៥៩៧នាក់ អគ្គិភ័យ៦៧០លើក ស្លាប់១៨នាក់ របួស ៣៥នាក់ ឆេះផ្ទះ៤៧២ខ្នង ឆេះតូប២៣១តូប ករណីផ្ទុះអាវុធកើតឡើង៣១លើក ស្លាប់០៩នាក់ របួស៣០នាក់ និងគ្រោះថ្នាក់ផ្សេងៗ ៣.៩៩២លើក ស្លាប់ ៣.៥៧១នាក់ របួស ៥៤២នាក់។


ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបញ្ជាក់ថាក្រសួងមហាផ្ទៃបានប្រមូលផ្តុំ ចាត់វិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះ រួមមាន៖ សម្រាប់ការងារចរាចរណ៍ ក្រសួងបានជំរុញរៀបចំក្របខណ្ឌគតិយុត្ត និងធ្វើការផ្សព្វផ្សាយ រឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះបានត្រួតពិនិត្យលើយានយន្តសរុប ២០៩៥ ៩៣១គ្រឿង។ ចំពោះការងារអគ្គិភ័យ ក្រសួងមហាផ្ទៃ បានពង្រឹងយន្តការជួយសង្រ្គោះ ទាន់ហេតុការណ៍ ជំរុញការផ្សព្វផ្សាយ វិធានការប្រុងប្រយ័ត្ន និងវិធីសាស្ត្របង្ការ ទប់ស្កាត់អគ្គិភ័យដល់ប្រជាពលរដ្ឋ ផ្គត់ផ្គង់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសដល់អង្គភាពប្រតិបត្តិការ។ ទន្ទឹមនឹងនេះ សម្រាប់ការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ពង្រឹងជាប្រចាំទាំងលើការត្រួតពិនិត្យ ការចុះបញ្ជីគ្រប់គ្រង និងការផ្សព្វផ្សាយអប់រំ៕

No comments:

Post a Comment

Pages