សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, October 13, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ជាវ តាយ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតផ្ទេរភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តកំពតវិញ។


សូមជម្រាបជូនថា ឯកឧត្តម ម៉ៅ ធនិន ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ដោយឡែក ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាពេលព្រឹកនេះវិញ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។


ជាកិច្ចចាប់ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពត បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តពោធិ៍សាត់ នាពេលកន្លងទៅថា រដ្ឋបាលខេត្តពោធិ៍សាត់ បានចូលរួមអនុវត្តគោលនយោបាយកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឬហៅថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការបន្តយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន ព្រមទាំងថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ការកសាងសមត្ថភាព សំដៅធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបំពេញការងារដោយមានការចូលរួមប្រកបដោយ គណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈ តាមរយៈ អង្គភាពច្រកចេញចូលតែ១ថ្នាក់ខេត្ត និងការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង-ស្រុក និងបានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋាន និងការចូលរួមកាត់ បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចិរភាព ព្រមទាំងបានចូលរួមអនុវត្តកម្មវិធីកំណទម្រង់ហិរញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់តាមវិស័យនានាផ្សេងៗទៀត។


ឯកឧត្តម បានបន្ដថា ក្រោមកិច្ចចង្អុលបង្ហាញជាប្រចាំពីក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកម្ពស់លើការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ចលនាមហាជនចូលរួមការពារសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានឱ្យបានក្លៀវក្លាកាន់តែរឹងមាំ តាមរយៈការបន្តជំរុញអនុវត្តគោលនយោបាយ (ភូមិឃុំ-សង្កាត់មានសុវត្ថិភាព) ឱ្យមាននិរន្តភាព និងសកម្មភាពនៅគ្រប់មូលដ្ឋាន ព្រមទាំងពង្រឹងវិធានការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។


 បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ឯកឧត្តម ម៉ៅ ធនិន រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូនឯកឧត្តម ជាវ តាយ ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្មី ចាប់ពេលនេះតទៅ។


ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការប្ដេជ្ញាចិត្តគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការរីកចម្រើន។


ឯកឧត្តម ក៏បានប្ដេជ្ញាទៀតថា និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុត ព្រមទាំងធ្វើគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។


ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ មានការរីកចម្រើន ព្រមទាំង ដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋដោយមានប្រសិទ្ធភាពខ្ពស់ ទោះបី ជួបបញ្ហាមួយចំនួនក៏ដោយ ប៉ុន្ដែនៅតែអាចដោះស្រាយជូនប្រជាពលរដ្ឋបានដោយរលូនផងដែរ។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោក ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលរងខេត្ត រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង ប្រជាពលរដ្ឋ ផ្តល់ការគាំទ្រ និងចូលរួមជាមួយ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលពោធិ៍សាត់ថ្មី ដើម្បីឯកឧត្តម មានលទ្ធភាពបន្ដបេសសកម្ម ពីឯកឧត្តម ម៉ៅ ធនិន ក្នុងការដឹកនាំអភិបាលខេត្តពោធិ៍សាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋនៅជុំវិញខេត្តរស់នៅដោយមានសេចក្ដីសុខ។


សម្ដេចក្រឡាហោម ក៏បានណែនាំដល់ ឯកឧត្តម ជាវ តាយ ត្រូវអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនបន្ថែមទៀត ពិសេសនោះ ការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាប្រក្រតីភាព និងវឌ្ឍនភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញខេត្ត ផងដែរ។ ក្នុងបរិបទជំងឺកូវីដ-១៩ នាពេលនេះ សម្ដេចក្រឡាហោម បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានជាប់ជានិច្ច។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសវឌ្ឍនភាព នៃការផ្ទេរមុខងារធនធាន និងសិទ្ធិអំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ជាពិសេសនោះ អាជ្ញាធរខេត្ត ត្រូវក្ដាប់ឱ្យបាននូវគោលការណ៍របស់ថ្នាក់ជាតិ ដើម្បីយកមកអភិវឌ្ឍន៍ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយរលូន ផងដែរ៕















 

No comments:

Post a Comment

Pages