នាថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
ពិធីនេះបានប្រារព្ធឡើងបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ចតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បន្ទាប់ពីបានបញ្ចប់អាណត្តិទី២។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ថង សាវុន បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមកន្លងមកនេះ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ថង សាវុន ដែលបានខិតខំបំពេញភារកិច្ចដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍធ្វើឱ្យខេត្តរតនគិរី មានការរីកចម្រើន និងសម្រេចបានសមទ្ធផលនានាជាច្រើននាពេលកន្លងមកនេះ។
សម្ដេចក្រឡាហោមក៏មានជំនឿមុតមាំថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តថ្មី នឹងបន្តខិតខំប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួនបន្ដដឹកនាំសម្របសម្រួលការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តរតនគិរី ឱ្យមានការរីកចម្រើនបន្ថែមទៀតក្រោយចូលកាន់មុខតំណែងថ្មីនេះ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងការជួយសង្គ្រោះដល់ពលរដ្ឋដែលជួបការលំបាកនានា ពិសេសដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិនានា ខិតខំបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ អភិវឌ្ឍន៍តំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន ពង្រឹងទំនាក់ទំនងជាមួយខេត្តជាប់ព្រំដែននៃប្រទេសជិតខាង។
សម្តេចក៏បានផ្តាំផ្ញើរដល់អង្គក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវរួមគ្នាអនុវត្តកម្មវិធីកំណែទម្រង់ដែលរាជរដ្ឋាភិបាលបានផ្ទេរមកនូវសិទ្ធិអំណាច ធនធាន និងតួនាទី ដើម្បីធានាដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងត្រូវមានគណនេយ្យភាពស្របតាមឋានានុក្រមនៃអង្គនីមួយៗ និងប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម លើកទឹកចិត្តក្រុមប្រឹក្សា និងអភិបាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ពិនិត្យលទ្ធភាពអភិបាលរងខេត្តថ្មី ជំនួសតំណែងអភិបាលរងចាស់ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្ត ដោយពិនិត្យសមាសភាពចេញពីបងប្អូនជនជាតិដើមភាគតិចនៅក្នុងមូលដ្ឋានខេត្ត។
រាយការណ៍ដោយ ក្រុមការងារ គេហទំព័រ បណ្ដាញព័ត៌មានថ្មី
No comments:
Post a Comment