រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (Asean Tourism Forum, ATF22) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, October 13, 2021

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (Asean Tourism Forum, ATF22) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២

រសៀលថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (Asean Tourism Forum, ATF22) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ។ 


ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ជូនគណៈប្រតិភូនៅពេលធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៤ កំណាត់ផ្លូវជាតិលេខ៣ ទីតាំងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទីតាំងកន្លែងប្រជុំ និងកន្លែងទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងក្រុងព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុងជាដើម។ 


អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ និងស្ថាប័ននានា ត្រូវបានណែនាំឱ្យរៀបចំកម្លាំងបង្ការ មធ្យោបាយ និងវិធានការចាំបាច់ ដើម្បីអនុវត្តផែនការការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងាររៀបចំវេទិកា និងគណៈប្រតិភូចូលរួមកិច្ចប្រជុំឱ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យ។ ជាមួយគ្នានេះក៏មានការរៀបចំយកសំណាកគណៈប្រតិភូ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ជាប្រចាំ និងការរៀបចំធ្វើចត្តាឡីស័កសម្រាប់គណៈប្រតិភូ និងអ្នកពាក់ព័ន្ធ។ 


លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បន្ថែមថា ខេត្តព្រះសីហនុ ត្រូវបានជ្រើសជាកន្លែងរៀបចំកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (Asean Tourism Forum, ATF22) ដូច្នេះយើងត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់គណៈប្រតិភូមកពីប្រទេសអាស៊ានទាំង១០ និងឈានទៅបើកទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីអាក់ខានកន្លងមកដោយសារជំងឺរាតត្បាតកូវីដ-១៩។ 


លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូឱ្យបានល្អ៕





 

No comments:

Post a Comment

Pages