សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, October 13, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពត

នារសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ៅ ធនិន ជាអភិបាល នៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតផ្ទេរភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់វិញ។


ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពត នារសៀលនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ វិញ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃខេត្តកំពត ថា ខេត្តកំពតមានផ្ទៃដីសរុប ៤.៨៧៣គម២ មាន៩ក្រុង-ស្រុក ៩៣ ឃុំ-សង្កាត់ មានភូមិចំនួន ៤៨៨ភូមិ ក្នុងនោះ ២/៣ជាព្រៃភ្នំ និងសមុទ្រ។ ប្រជាពលរដ្ឋសរុបចំនួន ៦៩០.៩២០នាក់ ក្នុងនោះ ស្រី ចំនួន ៣៥៣.៧៩៩នាក់ គ្រួសារសរុបចំនួន ១៥២.៨៧៦គ្រួសារ។ អត្រាភាពក្រីក្រ មានក្នុងរង្វង់ ១០% ក្នុងឆ្នាំ២០២១។ 


ឯកឧត្តម បានបន្ដថា ខេត្តកំពត គឺជាខេត្តមួយ ដែលមានអំណោយផលល្អ ពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ វិស័យសក្តានុពលរបស់ខេត្តមាន អំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កំពង់ផែ កសិកម្ម នេសាទសមុទ្រ និងទេសចរណ៍។


បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ឯកឧត្តម ជាវ តាយ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូនឯកឧត្តម ម៉ៅ ធនិន ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តកំពត ថ្មី ចាប់ពេលនេះតទៅ។


ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ម៉ៅ ធនិន ជាអភិបាល នៃគណៈអភិបាលខេត្តកំពត ថ្មី ក៏បានធ្វើការប្ដេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដោយផ្ដល់កិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ជាពិសេស ប្ដេជ្ញាអនុវត្តរាល់សេចក្ដីសម្រេច គោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបានដាក់ចេញដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។


ជាងនេះទៅទៀត ឯកឧត្តម ក៏បានប្តេជ្ញាអនុវត្តឱ្យបានម៉ឹងម៉ាត់នូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) តាមរយៈការចាត់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ធានាប្រក្រតីភាពនៃការរស់នៅតាមបែបគន្លងថ្មី របស់បងប្អូន ប្រជាពលរដ្ឋ។


ឆ្លៀតឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ជាវ តាយ អតីតអភិបាល នៃគណៈអភិបាលខេត្តកំពត ដែលត្រៀមខ្លួនចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ វិញ បានធ្វើឱ្យខេត្តកំពតមានការរីកចម្រើនឥតឈប់ឈរ ទោះបី ជួបបញ្ហាមួយចំនួនក៏ដោយ ប៉ុន្ដែខេត្តមានការរីកចម្រើន។


ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានស្នើដល់ គណៈអភិបាល ក្រុមប្រឹក្សា កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំងមូល ត្រូវគាំទ្រឯកឧត្តម ម៉ៅ ធនិន ដើម្បីមានលទ្ធភាពបន្ដបេសសកម្មបម្រើប្រទេសជាតិ ក្នុងក្របខណ្ឌខេត្តកំពត ដើម្បីឱ្យទទួលបានជោគជ័យពីឯកឧត្តម ជាវ តាយ ជាបន្ដទៅមុនទៀត។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានឯកទាំងស្រុងចំពោះការប្ដេជ្ញារបស់ ឯកឧត្តម ម៉ៅ ធនិន ក្នុងការអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងទប់ស្កាត់បទល្មើសនានា ដូចជា ៖ ធនធានធម្មជាតិ, ការត់ពន្ធមនុស្ស, គ្រឿងញៀន និងក្រុមក្មេងទំនើង ជាដើម ដើម្បីឱ្យភូមិ-ឃុំ មានសុត្ថិភាព និងមានការីកចម្រើន។


ក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពត និងទូទាំងប្រទេស ត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានជាប់ជានិច្ច។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិខ្ពស់ ដើម្បីឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលផងដែរ៕















 

No comments:

Post a Comment

Pages