បាត់ដំបង ៖ បុរសដែលជាជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានកាប់ទៅលើស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងថ្លុកឈាម។ ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៧ និង ៤០ នាទី ព្រឹក នៅចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ករណីនេះដែរ គឺបានបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ដោយបានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ( ផ្ទះជាប់គ្នា ) ចំនួន ៣ កាំបិត ចំត្រង់.ក ផ្នែកខាងក្រោយមួយកាំបិត ត្រង់ស្មាខាងឆ្វេងមួយកាំបិត និងម្រាមដៃខាងស្តាំមួយកាំបិត បណ្តាលឲ្យស្លាប់ ខណៈពេលដែល ជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា បញ្ហានេះគឺដោយសារតែខឹងទៅលើជនរងគ្រោះ ព្រោះកន្លងមកគេតែងតែស្តីឲ្យម្តាយរបស់ខ្លួនញឹកញាប់ពេក ហើយភាសានេះនៅតែឮដដែលៗ ទើបទ្រាំមិនបានក៏បានលីខ្វែវទៅកាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការស្រុកបវេលរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្ត ៕
No comments:
Post a Comment