(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចំនួន ២៥គ្រួសារ ស្មើនឹង ២៥ ខ្នងផ្ទះ ស្ថិតនៅភូមិស្ទឹងពេញ មានចំនួន ១៨ គ្រួសារ និងភូមិខ្នាចក្រសាំង ២គ្រួសារ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ។
ពិធីនេះប្រព្រឹត្តទៅ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ កងកម្លាំង ក្រុមការងារកាកបាទក្រហមខេត្ត ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ដោយបានធ្វើបងប្អូនទទួលរងផលប៉ះនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ លាយឡំព្យុះភ្លៀងនេះ បណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ដូចជា ដួលរលំផ្ទះ ប៉ើងដំបូលផ្ទះ និងខូចខាតបាត់បង់ទ្រព្យប្រើប្រាស់ជាដើមនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋានផ្ទាល់ពិតជាមានការសោកស្តាយ និងអាណិតអាសូរជាពន់ពេក ដែលលំនៅដ្ឋានរបស់បងប្អូនទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នេះ តែអ្វីដែលសំខាន់នោះ បងប្អូនមានសំណាងបំផុតមិនមានជួបគ្រោះថ្នាក់ដល់អាយុជីវិត។
ឯកឧត្តមបណ្ឌិតបន្តថា ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន និងក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដោយមានសាខាកាកបាទក្រហមកម្ពុជាឃេត្ត តែងតែបានចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយបង្ការទប់ស្កាត់កុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នា ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារ ពីការឆ្លងជំងឺកូវីដ១៩ «៣ការពារ និង៣កុំ»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ ដោយកម្ពុជាយើង ទទួលរងឥទ្ធិពលសម្ពាធទាបសកម្មជាបន្តបន្ទាប់ ទន្ទឹមនោះ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវចេះការពារខ្លួន ជាពិសេស សូមទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទាំងអស់គ្នា។
ចំពោះសម្ភារ និងថវិកា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០ កំប៉ុង,ទឹកត្រី ១ យួរ, ទឹកស៉ីអ៉ីវ ១ យួរ, ប្រេងឆា ១ ដប ក្រណាត់តង់ ១ ផ្ទាំង ឃីត ១កញ្ចប់ (ម៉ុង ភួយ កន្ទេល ខ្នើយ... ) ហើយសាខាក៏បានឧបត្ថម្ភទៅតាមទំហំខូចខាតជាក់ស្តែង ដោយផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ៤០ ម៉ឺនរៀល ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ២០ម៉ឺនរៀល និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕
No comments:
Post a Comment