ផ្នែករដ្ឋបាលរដ្ឋ និងផ្នែកឯកជន កាលពីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២ បានបើកសម្ពោធដំណើការផលិតកម្មនិងកែច្នៃដែកគ្រឿងសំណង់ឬរោងចក្រដែកទី១ នៅខេត្តបន្ទាយមានជ័យ។ គឺជារបស់ក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.កដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ នៅដីតំបន់េដ្ឋកិច្ចរបស់ខ្លួនស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍សុខភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ទេព ឃុនណាល់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន(តុល) លោកជំទាវប៉ាង ណាគ្រី និងចូលរួមដោយវិនិយោគិនខ្មែរ ចិន ថៃ មន្ត្រីនិងពលរដ្ឋជាច្រើន។
លោកតឹក ប៊ុនធឿន ជំនួសមុខលោកស្រីប៉ាង ណាគ្រី នៃក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានអោយដឹងថា: ការឈានដល់ស្រុះស្រួល ចូលភាគហ៊ុននិងសុំអាជ្ញាប័ណ្ណបើករោងចក្រដែកទី១ឬដំបូងគេនៅខេត្តបន្ទាយមានជ័យនេះ គឺជាកាេចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។
ហើយក៏នៅកៀកព្រំដែនកម្ពុជា ថៃ និងជាពិសេសប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភ័ណ្ឌ ហើយដែលក្លាយជាតំបន់ឈ្នួនសន្តិភាពមរតកសម្តេចតេជោហ៊ុន សែន ទៅជាតំបន់អភិវឌ្ឍន៍។
លោកតឹក ប៊ុនធឿន បន្តថា : កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នោះលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែចំណាយប្រមាណ៣លានដុល្លាសរអា, វិនិយោគលើវិស័យអចលនវត្ថុ, បង្កើតផ្សារ, រោងចក្រ, សេវាកម្ម មួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ហើយក្នុងគម្រោងបន្ត គឺក្រុមហ៊ុននឹងកសាងរោងចក្រផលិតសំបករថយន្តនិងអាជីវកម្មវិស័យផ្សេងទៀតដើម្បីផលចំណេញក្រុមហ៊ុនផងនិងរកការងារធ្វើជូនពលរដ្ឋក្នុងមូលដ្ខានផង។
ក្នុងនោះដែរ ក្រុមហ៊ុនមានផែនការដាំលើផ្ទៃដី ៥០ហិចតា នូវ: ១/ អូញម៉ូញ ២ម៉ឺនដើម។ ២/ ក្ងោក១ម៉ឺនដើម។ ៣/ ត្របែកព្រៃ៣០ម៉ឺនដើម។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរនិងជូនពរដល់ផ្នែកឯកជននេះ ហើយក្នុងដែនរដ្ឋបាលរបស់ខ្លួន លោកនិងមន្ត្រីអាជ្ញាធរមានសមត្ថិកិច្ចអះអាងថានឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេសទាំងឡាយដើម្បីមកបន្ថែមទៀតបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត។ ពោលគឺនេះ វាស្របនឹងការគិតគូររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក។
ហើយទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុំ រាត្រី បានស្នើអោយក្រុមហ៊ុននិងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋនៅឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អភិបាលខេត្ត ក៏សូមអរគុណដល់ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទីក ដែលតែងតែបានចូលរួមជាអាជ្ញាធរក្នុងការផ្តល់អំណោយស្បៀងអាហារនិងដោះស្រាយសំណូមពរឬទុក្ខកង្វល់នានាជូនពលរដ្ឋនៅទីនោះជាបន្តបន្ទាប់។
ហើយលើកនេះ បានផ្តល់អង្ករ មីនិងត្រីខជូនពលរដ្ឋ១.០០០ប្លាយគ្រួសារទៀត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានរំលឹកពីគុណតម្លៃនៃមរតកសន្តិភាពដែលចេញពីគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយនឹងសមិទ្ធផល ក៏ដូចជាការអភិវឌ្ឍន៍ទាំងឡាយដែលកើតចេញពីមរតកនេះ និងពីស្នាដៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប៉ានខែម ប៊ុនថន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាជនភាគច្រើនលើសលុបដែលបានផ្តល់ជំនឿទុក្ខចិត្តនិងផ្ញើជោគវាសនាលើរាជរដ្ឋាភិបាល។
ប៉ុន្តែក៏រំលឹកដល់បងប្អូនពលរដ្ឋមួយចំនួន កុំអាលធុញទ្រាន់នឹងសន្តិភាព ហើយដើរងាកចេញពីឬផ្លាស់ប្តួរថ្នាក់ដឹកនាំដ៏ល្អបច្ចុប្បន្នរបស់កម្ពុជាយើង។
ឯកឧត្តម ក៏បានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍នៃក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនប៉ាង ណាគ្រី នៅភូមិខ្លាងាប់នេះ វានឹងភ្ជាប់តរហូតទៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះក្នុងភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃ ដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោនិងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យទើបនឹងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចប់ ហើយបាននឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកម្ពស់ជីវភាពពលរដ្ឋ៕
No comments:
Post a Comment