មណ្ឌលគិរី÷ប្រភពពីមន្ត្រីនៅក្នុងរដ្ឋបាលសាលាស្រុកកោះញ៉ែកបានបង្ហើបអោយដឹងថា ដីព្រៃរបស់រដ្ឋមួយផ្នែកទៀតជាងពាន់ហិចតាត្រូវបានមន្ត្រីខិលខូចប្រើគ្រប់រូបភាព គ្រប់មធ្យោបាយក្នុងការឃុបឃិតគ្នា លួចយកគ្រឿងចក្រចូលឈូសផ្តួលរំលំព្រៃឈើយកដីលក់ទៅអោយក្រុមឈ្មួញជារៀងរាល់ឆ្នាំ ដោយមានការត្រូវរ៉ូវគ្នាពីមូលដ្ឋានភូមិ ឃុំ ស្រុកជាពិសេសមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ ដែលជាសេនាធិការអោយមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។
បើតាមប្រភពពីមន្ត្រីសាលាស្រុក នឹងប្រជាពលរដ្ឋនៅភូមិអូររវ៉ាក់ ឃុំរ៉យ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានលើកឡើងថា ចាប់តាំងពីឆ្នាំដែលល្បីថារាជរដ្ឋាភិបាលបម្រុងបង្កើតខេត្តថ្មីមួយទៀតនៅស្រុកកោះញ៉ែកនេះ ក្រុមទន្ទ្រានដីព្រៃយ៉ាងអនាធិបតេយ្យ ក៏ចាប់ផ្តើមចលនាគៀងគរឃុបឃិតគ្នា ដាក់គ្រឿងចក្រចូលមកឈូសឆាយផ្តួលរំលំព្រៃយកដីយ៉ាងរង្គាល ដើម្បីលក់អោយទៅក្រុមឈ្មួញ ។ ហើយប្រជាពលរដ្ឋនៅតំបន់នោះតែងតែទទួលរងគ្រោះពីការបាត់ដីស្រែរបស់គាត់ដោយស្នារដៃក្រុមទន្រ្ទានរំលោភបំពាន ។
ដូចជានៅពេលថ្មីៗនេះប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានលើកឡើងថា ក្រោយពីក្រុមហ៊ុន តាយ សេង បានប្រើបក្ខពួកដៃជើងមនុស្សរបស់ខ្លួនទៅចលនារៀបចំប្រមូលទិញដីក្នុងតំបន់នេះ ទឹកភ្នែកពលរដ្ឋក៏ចាប់ផ្តើមហូរដែរ ។ ដោយបច្ចុប្បន្នដីស្រែរបស់ប្រជាពលរដ្ឋដែលពួកគាត់មាននៅតំបន់នោះត្រូវហាមឃាត់ដោយក្រុមហ៊ុនតាយ សេងឃ្លុំយកស្ទើរតែទាំងអស់ ក្រោមការរៀបចំរំលោភយកពីក្រុមអ្នកចុះរៀបចំប្រមូលទិញដីអោយក្រុមហ៊ុន ដែលឃុបឃិតនិងអាជ្ញាធរមូលដ្ឋាន ។
ដោយឡែកនៅពេលថ្មីៗនេះគឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានភូមិឃុំ ស្រុករួមនឹងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញ៉ែក ហាក់បានបើកដៃអោយក្រុមឈ្មួញយកគ្រឿងចក្រ(អ៊ិចស្ការវ៉ាទ័រ)ចូលទៅវ៉ៃព្រៃផ្តួលរំលំឈើយកដីយ៉ាងរង្គាលចែកគ្នាលក់បន្តដោយគ្មានកោតខ្លាចញញើតនិងសំណាញ់ច្បាប់ឡើយ ។
ក្នុងសកម្មភាពក្រុមឈ្មួញយកគ្រឿងចក្រចូលឈូសឆាយដីព្រៃខាងលើបើទោះបីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ទៅប្រាប់ លោក នាយផ្នែករដ្ឋបាលព្រៃឈើ លោកវឿន និង លោក ឌឹម នី អភិបាលស្រុកកោះញ៉ែក គឺក្រុមការងារលោកបានត្រឹមអឺត ឡឺមៗដោយនិយាយថា ចូលទៅមិនរួច ! ស្របពេលដែលចំណុច គ្រឿងចក្ររុញផ្តួលរំលំឈើខាងលើនោះ ឡានអ្នកសារព័ត៌មាននិងម៉ូតូបានចូលទៅដល់ ហើយបានថតសកម្មភាពនោះយកមកជូនពួកគាត់យ៉ាងជាក់លាក់ទៀត ។ លុះស្អែកឡើងទើបកម្លាំងស្រុកនិងផ្នែករដ្ឋបាលព្រៃឈើចុះទៅមើល ថារកមិនឃើញ គ្រឿងចក្រ នោះទេសកម្មភាពនេះ សរ បញ្ជាក់អោយឃើញថា ក្នុងចេតនាមិនចូលទៅបង្ក្រាបគ្រឿងចក្រផ្តួលរំលំព្រៃឈើយកដីរបស់រដ្ឋយ៉ាងរង្គាលនេះគឺជាការបើកដៃពីសំណាក់ លោក ឌឹម នី អភិបាលស្រុកកោះញ៉ែក នឹងលោកវឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញ៉ែកតែម្តង ។
ក្នុងរឿងនេះដោយបែកធ្លាយដល់អ្នកសារព័ត៌មានត្រូវបានគេដាក់ការសង្ស័យថា លោកចៅហ្វាយស្រុកកោះញ៉ែក និងលោក វឿន នាយផ្នែករដ្ឋបាលព្រៃឈើកោះញ៉ែករួមនឹងមន្ត្រីមូលដ្ឋានបានអោយក្រុមឈ្មួញដែលយកគ្រឿងចក្រវ៉ៃព្រៃចេញទៅលាក់បាត់ទាំងយប់ ។ ហើយមន្ត្រីទាំងនោះទូរស័ព្ទខល ក៏លែងលើកមិនអាចសុំការបំភ្លឺបាន ។
ដោយឡែកប្រភពពីមន្ត្រីស្រុកកោះញ៉ែកបានអោយដឹងថា រឿងដីនៅកោះញ៉ែកកំពុងបង្ករបញ្ហា ម្ខាងក្រុម សយ តុល ហៅថុល នឹងឈ្មោះ ស៊ុំ ឃុនឆ័យ នឹងម្ខាងទៀត មើលការងារប្រមូលរាបទិញដីអោយ ក្រុមហ៊ុន តាយ សេង ឈ្មោះ សុផានី កំពុងបង្ករព្យុះភ្លៀងនៅលើទឹកដី ភូមិអូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី៕
No comments:
Post a Comment