ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ៦កើត ខែអាស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ពិធីប្រកាសចូលកាន់មុខតំណែងនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈភិបាលខេត្តស្ទឹងត្រែង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស្វាយ សំអ៊ាង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរី និងសមិទ្ធិផលនានានៃការងារបម្រេីជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចបាន រួមទាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តនាពេលកន្លងមកនេះ។ ទន្ទឹមគ្នានេះផងដែរឯកឧត្តម ថង សាវុន ក៏បានឡើងថ្លែងនៃកាប្ដេជ្ញាចិត្តសម្រាប់ការចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តមណ្ឌលគិរីពីសម្ដេចក្រឡាហោម ស ខេង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តម ស្វាយ សំអ៊ាង ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភារកិច្ចដឹកនាំ សម្របសម្រួល សហការជាមួយក្រុមប្រឹក្សា មន្រ្តីរាជការស៊ីវិល កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើឲ្យខេត្តមណ្ឌលគិរី មានការអភិវឌ្ឍន៍រីកចំរើន ការពារបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទោះបីចុងក្រោយនេះមានការប្រឈមការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំអភិបាលខេត្តថ្មី រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកងកម្លាំងការពារព្រំដែន សូមការពារឲ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍន៍ព្រំដែនឲ្យក្លាយទៅជាព្រំដែនមានទាំងសន្តិភាព និងការរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ សម្ដេចក៏បានណែនាំឲ្យខិតខំថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឲ្យបានល្អ ៕
No comments:
Post a Comment