អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដែលស្ថិតនៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, October 11, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដែលស្ថិតនៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស

ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដែលស្ថិតនៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។


តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំស្តៅ បានឲ្យដឹងថា ស្ថានភាពបាក់ស្រុតច្រាំងទន្លេនេះ មានប្រវែងប្រហែលជា ៨០ ម៉ែត្រ ក្នុងនោះការបាក់ខ្លាំង ប្រវែង ២០ ម៉ែត្រនិងមានជម្រៅ ១៥ម៉ែត្រ។ ការបាក់ច្រាំងនេះគឺបណ្ដាលមកពីកត្តាធម្មជាតិ ដែលកន្លងមកនៅក្នុងទីតាំងខាងលើ មានកន្លែងដកទឹក នៅចម្ងាយប្រមាណជា ២០០ ម៉ែត្រទៅ ៣០០ ម៉ែត្រ ហើយជារៀងរាល់ឆ្នាំទីតាំងនេះត្រូវបានបងប្អូនប្រជាពលរដ្ឋបង្ហូរទឹកចេញ ដោយការបូមទៅចាក់ក្នុងទន្លេ ដើម្បីជៀសវាងការហូរច្រោះផែ្នកខាងក្រោមដែលជាមូលហេតុបង្កឱ្យបាក់ស្រុតច្រាំងនៅចំណុចខាងលើ។

 

បន្ទាប់ពីចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹងមន្ត្រីជំនាញ បានជ្រើសរើសនូវជម្រើសចំនួន ០២ ក្នុងការបញ្ចៀសនៃការបាក់ច្រាំងទន្លេនេះ ដោយជម្រើសទី ១ យើងត្រូវជីកប្រឡាយបង្ហូរពីរកន្លែងដែលបានដក់ទឹកបង្ហៀរទៅក្នុងទន្លេ ជម្រើសទីមួយនេះយើងតម្រូវឱ្យមានការជីកប្រឡាយនៅតាមកន្លែងដែលដក់ទឹកខ្លាំង ដើម្បីនាំទឹកដែលបង្កឡើងដោយទឹកភ្លៀង យកទៅបង្ហូចូលក្នុងទន្លេ និងជម្រើសទី ២ គឺការបូមខ្សាច់ដើម្បីបំពេញប្រឡាយដែលដក់ទឹកនេះ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ សូមឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែតំបន់ដែលបាក់ច្រាំងនេះ គឺនៅកៀកនឹងលំនៅឋានរបស់ពួកគាត់។ ឯកឧត្តមក៏បានបន្ថែមទៀតថា ឯកឧត្តមនឹងរិះរកវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់នៃការបាក់ច្រាំងនេះ ក្នុងការធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ.


ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន ៣០០លីត្រជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ដើម្បីបូមទឹកចេញពីតំបន់ទំនាប ដើម្បីជៀសវាងការហូរច្រោះផ្នែកខាងក្រោមបណ្តាលឱ្យបាក់ស្រុកច្រាំងទន្លេនៅចំណុចខាងលើនេះ៕







 

No comments:

Post a Comment

Pages