អភិបាលខេត្តពោធិ៍សាត់សម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាជូនពលរដ្ឋ បាន១០ករណីនៅថ្ងៃនេះ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, September 9, 2021

អភិបាលខេត្តពោធិ៍សាត់សម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាជូនពលរដ្ឋ បាន១០ករណីនៅថ្ងៃនេះ

(ពោធិ៍សាត់)៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ដែលជាតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រមាណជា១០ករណីផ្សេងគ្នា ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការដោះស្រាយបញ្ចប់​ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង និងទៅតាមតួនាទីជាសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងវេទិកាដោះស្រាយក្តី ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។


កិច្ចដំណោះស្រាយខាងលើ ធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយបន្តិច ខណៈដែលខកខានមួយរយៈ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាលក្រុងស្រុក អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធផ្សេងទៀត។


បើតាមលោក គឹម​ ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាទម្លាប់ ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយសេចក្តី។ ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តមបានផ្អាកការធ្វើវេទិកាដោះស្រាយជាលក្ខណៈទ្រង់ទ្រាយធំមួយរយៈ ទើបតែស្ថានភាពនេះធូរស្បើយបន្តិច ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿង ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើការសម្របសម្រួល និងដោះស្រាយ។ ជាក់ស្តែងនាព្រឹកនេះ គឺមានចំនួន១០ករណី រួមមាន «ករណីលួចធ្វើប្លង់ដី, ករណីបោកលុយរត់ការប្លង់ដី, ករណីម្តាយក្មេងបណ្តេញចេញពីផ្ទះ,​ ករណីសុំទាមទារទ្រព្យសម្បត្តិ, ករណីសុំធ្វើប្លង់កាន់កាប់ដី, ករណីបែងចែកដី, ករណីទំនាស់ដីកេរត្តិ៍, ករណីហឹង្សាក្នុងគ្រួសារ,​ ករណីជំពាក់ប្រាក់ធនាគារ និងករណីបញ្ចាំមាស» ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។


លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ក្រោមជាតិ ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕






 

No comments:

Post a Comment

Pages