កំពង់ឆ្នាំង៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមបើកដំណើរការសាកល្បងគ្រឹះស្ថានអប់រំទាំងវិស័យរដ្ឋ និងវិស័យឯកជនក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងដែលមានហានិភ័យទាបក្នុងស្ថានភាពកូវីដ-១៩ ដោយមានការចូលរួមពីលោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត ថ្នាក់នាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងដោយឡែកអាជ្ញាធរក្រុង ស្រុកនិង ថ្នាក់ដឹកនាំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ(ZOOM)។
ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ណែនាំក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នឹងត្រៀមសាកល្បងបើកដំណើរការសាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនដែលមានហានិភ័យទាប និងធានាថាមានសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និង ការិយាល័យអប់រំក្រុងស្រុក ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តដល់មាតាបិតា ឬអាណាព្យាបាលអំពីគោលការណ៍ណែនាំចំពោះកិច្ចដំណើរការសាកល្បងបើកសាលាឡើងវិញ ដោយគិតគូរពីអនាម័យ និង វិធានការអនាម័យ៣ការពារ ៣កុំ និងការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចេញឱ្យអនុវត្ត ក្នុងដំណាក់កាលនៃបរិបទថ្មីនេះ៕
No comments:
Post a Comment