នាព្រឹកថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (sinovac)។
ឯកឧត្តម មានប្រសាសន៍ទៅកាន់ក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថា « ក្តីសង្ឃឹមរបស់កុមារ និងយុវ័យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង» ហើយប្រទេសកម្ពុជា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺអនាគតរបស់ក្មួយៗ ចៅៗ ដែលខកខានការសិក្សារៀនសូត្រក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដោយសារតែប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩ ត្រូវបិតផ្អាកជាបណ្តោះអាសន្ននៃការរបង្រៀន និងរៀនជួបជុំសិស្សច្រើន ដោយប្តូរទៅបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិច និងបង្រៀនទៅតាមបណ្តុំតូចៗវិញ។
ចំពោះក្តីព្រួយបារម្មណ៍នេះ សម្តេចតេជោ បានស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ការពារបន្ថែម ជូនដល់ប្រជាពលរដ្ឋគ្រប់រូបទៅតាមជំហ៊ាន ដើម្បីឲ្យមានប្រព័ន្ធការពារភាពសុំាបន្ថែមក្នុងការរស់នៅក្នុងគន្លងថ្មីនៃបរិបទជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការឆ្លងជំងឺមួយនេះ ហើយអ្វីរិតតែសំខាន់នោះ គឺការពារពីការឆ្លងនៅពេលរៀន និងបង្រៀន ក្នុងឱកាសដែលរាជរដ្ឋាភិបាល សម្រេចប្រកាសឲ្យបើកដំណើរការសាលារៀនឡើងវិញទៅតាមតំបន់ដែលមានហានិភ័យកម្រិតទាបពីការឆ្លងជំងឺកូវីដ-១៩ ដោយកំណត់ចំនួនសិស្ស ក្នុង១ថ្នាក់ឲ្យតិចជាង១៥នាក់។
ឯកឧត្តមបន្តថា ៖ ជាការគោរពដឹងគុណ និងជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល គឺក្មួយៗ ចៅៗ ត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែ និងបន្តរៀនឲ្យបានជាប់ថ្នាក់ទាំងអស់គ្នា ដើម្បីចូលរួមកសាងងភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពចំណេះដឹងជំនាញ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តអភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕
No comments:
Post a Comment