រោងសិប្បកម្មកែច្នៃឈើប្រណិត និងរោងម៉ាស៊ីនរ៉ៃឈូសជ្រៀក ខ្នាតតូចធំ ទាំងមានច្បាប់និងអត់ច្បាប់ ជាច្រើនរាប់សិបកន្លែង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកធ្វើយ៉ាងគគ្រឹកគគ្រេង តែបែជាអជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងស្រុក ហាក់គ្មានចំណាត់ការបង្ក្រាបសោះ។
ជាក់ស្តែងជារៀងរាល់ថ្ងៃ រោងសិប្បកម្មកែច្នៃឈើប្រណិត និងរោងម៉ាស៊ីនរ៉ៃឈូសជ្រៀក ជាច្រើនកំពុងបើកធ្វើយ៉ាងសកម្ម និងអនាធិបតេយ្យ ពាសពេញក្នុងស្រុកត្រពាំងប្រាសាទ បើទោះជាកន្លងមក សារព័ត៌មាន ជាច្រើនអង្គភាពបានធ្វើការចុះផ្សាយ និងរាយការណ៍ពីសកម្មភាពបទល្មើសព្រៃឈើ ជូនទៅអស់លោកមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុក ឲ្យធ្វើការទប់ស្កាត់ចាប់បង្ក្រាប យ៉ាងណាក៏ដោយ ក៏អស់់លោកមន្ត្រីជំនាញទាំងនោះ នៅតែគ្មានចំណាត់ការបង្ក្រាបដដែល។
គួរបញ្ជាក់ផងដែរថា៖ នាពេលបច្ចុប្បន្ននេះ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ព្រៃឈើធនធានធម្មជាតិ ស្ទើរតែរលាយហិនហោចខ្ទេចខ្ទីអស់ទៅហើយ ក្រោមស្នាដៃរបស់ពួកឈ្មួញ ដោយបានឃុបឃិតនាំគ្នាកាប់បំផ្លិចបំផ្លាញ និងធ្វើសកម្មភាព ដឹកជញ្ជូនគ្រប់រូបភាព តាមរយៈរថយន្ត និងគោយន្តកន្ត្រៃ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា បើមិនមានការបើកដៃ និងឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានទេ ក៏ពួកក្រុមឈ្មួញរកស៊ីបំផ្លាញព្រៃឈើទាំងនោះ មិនអាចប្រព្រឹត្តសកម្មភាព បើកធ្វើរោងសិប្បកម្ម បានយ៉ាងអនាធិបតេយ្យ ពាសពេញក្នុងស្រុកបានយ៉ាងនេះដែរ។
ហើយរាល់ពេលដែល អ្នកសារព័ត៌មានយើង ធ្វើការខលរាយការណ៍ទៅលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ថានៅចំណុចរោងសិប្បកម្មមួយនេះមានរថយន្តដឹកឈើប្រណិតចូល ឬក៏មានស្តុកឈើប្រណិតទុកជាច្រើនម៉ែត្រគីបនៅក្នុងកន្លែងរោងសិប្បកម្ម ខណៈរាល់ពេលដែលខលទៅលោកម្ដងៗ គឺលោកតែងតែនិយាយថា រោងសិប្បកម្មរបស់គេមានច្បាប់គ្រប់គ្រាន់ បើមិនជឿឲ្យសួរម្ចាស់រោងសិប្បកម្ម ឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ ឬក៏សួរទៅថ្នាក់លើក៏បានដែរ។
ប្រជាពលរដ្ឋស្លូតត្រង់ក៏ដូចជាមហាជនជាច្រើន បានទទូចនិងសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាជួយអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើក្នុង ស្រុកត្រពាំងប្រាសាទផង បើសង្ឃឹមលើអស់លោកមន្ត្រីជំនាញក្នុងស្រុក ឲ្យធ្វើការបង្រ្កាបនោះគឺមិនងាយទេ៕
No comments:
Post a Comment