រដ្ឋបាលខេត្តពោធិ៍សាត់ ៖ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, September 19, 2021

រដ្ឋបាលខេត្តពោធិ៍សាត់ ៖ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។ 

 

សហគ្រាសនេះ ត្រូវបានកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។ 

 

បើតាមលោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកជំទាវ បានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួមនឹងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ 

 

លោកជំទាវបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ លោកជំទាវបានបន្តថា សហគ្រាសនេះដែរ បានសហការគ្នាចូលរួមបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង២ហិកតា ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើង បានប្រមាណជាង១០០នាក់។ 

 

ក្នុងឱកាសអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិនិត្យមើលដំណើរការខ្សែចង្វាក់ សហគ្រាស TK & D នេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាស ឱ្យទទួលទិញផលិតផលដើម ដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។ ជាមួយគ្នានោះ ឯកឧត្តមសូមឱ្យសហគ្រាសនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជន បានកាន់តែច្រើនឡើង ក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជាយើង ឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕ 









 

No comments:

Post a Comment

Pages