ពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន ១១៣គ្រួសារ ក្នុងស្រុកកោះញែក ទទួលបានគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ ពីអាជ្ញាធរខេត្តមណ្ឌលគិរី - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 26, 2021

ពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន ១១៣គ្រួសារ ក្នុងស្រុកកោះញែក ទទួលបានគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ ពីអាជ្ញាធរខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១១៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅក្នុងឃុំស្រែហ៊ុយ និងឃុំរយ៉ ស្រុកកោះញែក ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ 


ឯកឧត្តម បញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ 


ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។ 


បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។


បន្ទាប់មក អាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព ឫឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកកោះញែក៕








 

No comments:

Post a Comment

Pages