បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពុងកើតមានជារៀងរាល់ថ្ងៃ ពិសេសនៅពេលយប់ ខណៈមន្ត្រីជំនាញមិនទាន់ឃើញបង្ក្រាប - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, August 18, 2021

បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពុងកើតមានជារៀងរាល់ថ្ងៃ ពិសេសនៅពេលយប់ ខណៈមន្ត្រីជំនាញមិនទាន់ឃើញបង្ក្រាប

ខេត្តត្បូងឃ្មុំ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពី ស្រុកស្នួលខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ដោយឆ្ពោះទៅស្រុកមេមត់ កំពុងកើតមានជារៀងរាល់ថ្ងៃពិសេសនៅពេលយប់ ដោយក្រុមអ្នកដឹកឈើទាំងនោះ ធ្វើសកម្មភាពដឹកយ៉ាងរលូន ខណៈក្រុមអ្នកដឹកឈើខុសច្បាប់ទាំងនោះនៅមិនទាន់ឃើញមាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានទប់ស្កាត់ ឬបង្ក្រាបនៅឡើយទេ។  


ជាក់ស្តែងនៅយប់ថ្ងៃទី១៧ សីហា និងយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ មានរថយន្តដឹកឈើមិនក្រោម ១០គ្រឿងនោះទេ ដែលបើកឆ្លងពីស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានសមត្ថកិច្ចណាឃាត់ ឬសួរនាំនោះទេ។ 


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ថា សកម្មភាពដឹកឈើខុសច្បាប់ទាំងនេះ បើចង់ទប់ស្កាត់មិនពិបាកនោះទេ ព្រោះក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ ត្រូវបានគេស្គាល់យ៉ាងច្បាស់គឺមានដូចជា÷ ម៉ែអាស្រូច, ទាហ៊ានឈ្មោះ យោ, ឈ្មោះប្រុស, ឈ្មោះ ថុល, ឈ្មោះ ហុក, ឈ្មោះ ឌី, ឈ្មោះ ភ្លុក, ឈ្មោះ មិនា ជាដើម។ហើយហេតុដែល មិនមានការបង្ក្រាបនេះ ពលរដ្ឋសង្ស័យថា មន្ត្រីជំនាញពាក់ព័ន្ធអាចទទួលបានផលប្រយោជន៍ពីក្រុមអ្នកដឹកឈើទាំងនោះ ។


គួរបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះ ត្រូវបានប្រភពមួយចំនួន រួមទាំងក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ផងដែរ បានបង្ហើបឱ្យដឹងថា ពួកគេបានបង់លុយឱ្យមន្ត្រីគ្រប់ជំនាញរួចអស់ហើយទើបហ៊ានដឹក បើមិនបង់លុយតាមការកំណត់ទេ ប្រាកដជាមិនអាចដឹកបានបែបនេះនោះទេ។ ជាមួយនឹងសកម្មភាពនេះ ភាគច្រើនពួកគេដឹកចេញពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមរយៈរថយន្តសាំយ៉ុង ទាំងយប់ទាំងថ្ងៃ ដោយក្រុមអ្នកដឹកឈើ​ប្រើរថយន្តម្តង ២ ឬ៣គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន និងបើកបិទផ្លូវមិនឱ្យរថយន្តណាឡើងវ៉ាជែងបានឡើយ។ ដោយសកម្មភាពនេះងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាដ់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។


ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ពិតជាមានសកម្មភាពដឹកឈើខុសច្បាប់ចូលខេត្តត្បូងឃ្មុំប្រាកដមែន ហើយសកម្មភាពទាំងនោះ ភាគច្រើនកើតឡើងនៅពេលយប់ ដោយក្រុមឈ្មួញប្រើរថយន្តសាំយ៉ុងបើកលឿនៗ។ហើយបើមានមន្ត្រីជំនាញ ស្ទាក់ឃាត់ម្តងៗ ពួកគេមិនឈប់នោះទេ ហើយពេលខ្លះបើកបុករថយន្តសមត្ថកិច្ចថែមទៀតផង។ចំពោះសកម្មភាពនេះដែរ បើចង់ ទប់ស្កាត់បាន ទាល់តែមានកិច្ចសហការពីគណៈបញ្ជាការឯកភាពស្រុក ឬខេត្ត បើប្រើតែកម្លាំងរដ្ឋបាលព្រៃឈើ គឺ មិនអាចទប់ស្កាត់បាន ១០០% នោះទេ។


ជុំវិញករណីនេះ លោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានឱ្យដឹងដែរថា កម្លាំងរបស់លោកបានចាត់វិធានការទប់ស្កាត់ជាបន្តបន្ទាប់ ដោយសុំកិច្ចសហការ​ពីកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ តែក្រុមឈ្មួញមួយចំនួននៅតែបន្តលួចដឹក។ហើយយ៉ាងណានោះលោក នឹងចាត់វិធានការបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យ​បានជុំវិញសកម្មភា​ព​ខាងដឹកឈើនេះ៕









 

No comments:

Post a Comment

Pages