ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, May 6, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហតលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។


យើងខ្ញុំទាំងអស់គ្នា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំនេះ និងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលជាបងប្រុស ជាស្វាមី ជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូប របស់កម្ពុជា ដែលកន្លងមក ឯកឧត្តមព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិ។


យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ថា៖ សពរបស់ ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕



 

No comments:

Post a Comment

Pages