សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើបុណ្យឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, May 5, 2022

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើបុណ្យឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

នៅព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី ដែលត្រូវជាមាតា-បិតាក្មេក មាតា-បិតាបង្កើត និងជាជីដូន-ជីតា។ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក។


នៅក្នុងពិធីបុណ្យនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីតាមក្រសួងស្ថាប័នមួយចំនួនទៀត។ ពិធីបុណ្យត្រូវបានប្រារព្ធធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសាច់ញាតិ បានបូជាផ្កាភ្ញីដល់ព្រះរតនត្រ័យ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ក៏បានរៀបចំពិធីរាប់បាត្រ វេរប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ។ 


ជាកិច្ចបន្ទាប់សម្តេចព្រះសង្ឃនាយក សម្តេចព្រះនាយករង បានសូត្រមន្តបង្សុកូល ប្រមូលនូវមហាបុណ្យកុសលនានា ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ 


បន្ទាប់ពីបានឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ហើយនោះ សម្តេចព្រះសង្ឃនាយក និង សម្តេចព្រះនាយករង ក៏បានសូត្រពុទ្ធជ័យប្រសិទ្ធី និងប្រោសព្រំជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងអ្នកចូលរួមក្នុងវិធីទាំងអស់ ឱ្យបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត៕







 

No comments:

Post a Comment

Pages