មណ្ឌលគិរី ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ មនុស្ស៣នាក់ត្រូវបានតំណាងសហគមន៍ជនជាតិដើមភាគតិចព្នងប្តឹងទៅតុលាការ ក្នុងបណ្ដឹងបរិហារ ក្រោយប្រជាសហគមន៍កើតទុក្ខមិនសុខចិត្តរឿងក្រុមហ៊ុនដាំកៅស៊ូមួយប្រើគ្រឿងចក្រកាយដីធ្វើព្រំ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ។
យោងតាមខ្លឹមសារនៃលិខិតពាក្យបណ្តឹងបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងក្រុមហ៊ុនវីឡាឌីវីឡុបមេន ខូអិលធីឌី បានយកគ្រឿងចក្រ ម៉ាក CAT3200 ធ្វើសកម្មភាពឈូសឆាយ កាយដី បំផ្លិចបំផ្លាញព្រៃស្រោង ដែលជាទីកន្លែងព្រៃអាស្រ័យផលសម្រាប់រក្សាដើមជ័រទឹក រួមនិងដើមឈើចម្រុះផ្សេងៗរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅទីតាំងចំណុចអូរអញ្ចូស ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
ក្នុងលិខិតពាក្យបណ្ដឹងដដែលនេះបានបន្តថា ភាគីក្រុមហ៊ុនបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនៃការឈូសឆាយកាយដីបំផ្លិចបំផ្លាញទីតាំងដែលសហគមន៍យើងខ្ញុំ ធ្លាប់តែអាស្រ័យផលចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃបែបនេះ សហគមន៍យើងខ្ញុំបាននាំគ្នាចុះទៅទប់ស្កាត់បទល្មើសជាក់ស្ដែង ដែលកំពុងតែប្រព្រឹត្តដើម្បីរារាំងកុំឲ្យឈូសឆាយបំផ្លិចបំផ្លាញ ធ្វើឲ្យប៉ះពាល់ដល់តំបន់ការពារដែនជម្រកសត្វព្រៃភ្នំព្រិច ព្រៃស្រោង ជាពិសេសដើមជ័រទឹកនិងធនធានផ្សេងៗ ដែលមានក្នុងទីតាំងដែលគេបានឈូសឆាយ ។
ក្នុងអំឡុងពេលយើងខ្ញុំចុះទប់ស្កាត់ខាងតំណាងក្រុមហ៊ុន គេមិនបានបញ្ឈប់សកម្មភាពទេ ហើយបានអះអាងថា ដីដែលកំពុងតែឈូសឆាយនេះ ជាដីក្រវ៉ាត់ព្រំរបស់ក្រុមហ៊ុនមិនពាក់ព័ន្ធទៅនឹងដីសហគមន៍ទេ។ ក៏ប៉ុន្តែជាក់ស្ដែង ដីនេះជាដីដែនជម្រកសត្វព្រៃភ្នំព្រិចនិងជាព្រៃសហគមន៍ មិនដែលធ្លាប់ស្នើសុំចុះបញ្ជីតាំងពីឆ្នាំ២០០៤ មិនមែនដូចការអះអាងរបស់តំណាងក្រុមហ៊ុនទេ ។
នៅក្នុងពាក្យបណ្ដឹងរបស់សហគមន៍បានសំណូមពរចំនួនបួនចំណុច ទីមួយសុំឲ្យក្រុមហ៊ុនធ្វើការវាស់វែងដីក្រុមហ៊ុនជាក់ស្តែងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ទីពីរសុំឲ្យក្រុមហ៊ុនប្រគល់ដីដែលបានឈូសឆាយប្រគល់ឲ្យសហគមន៍វិញ។ ទីបីស្នើសុំកុំឲ្យក្រុមហ៊ុនបន្តសកម្មភាពឈូសឆាយបំផ្លិចបំផ្លាញបន្តទៅទៀត។ ទីបួនស្នើសុំឲ្យមានការផ្ដន្ទាទោសតាមច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស។
សូមបញ្ជាក់ថា ក្នុងពាក្យបណ្តឹងបរិហាររបស់សហគមន៍ ក្នុងនោះរួមមាន មេភូមិឡៅកា ចៅសង្កាត់សុខដុម និងនាយិកាក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូអិលធីឌី ពីបទ កាប់រុករានឈូសឆាយដីព្រៃសាធារណៈ និងបំផ្លិចបំផ្លាញដើមជ័រទឹក នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងអនុគ្រោះបទល្មើសព្រៃឈើ។
សូមរំលឹកថា ជនជាតិដើមភាគតិច រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានចោទដល់ក្រុមហ៊ុន Villa development ថា បានឈូសឆាយទន្ទ្រានដីដើមជ័រច្បោះរបស់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ សហគមន៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមីនា ២០២២ បងប្អូនជនជាតិដើមភាគតិចប្រុសស្រីជាច្រើននាក់ បានទៅហាមឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រ នៅចំនុចភូមិសង្កាត់ខាងលើ ដែលកំពុងធ្វើសកម្មភាពកាយដីធ្វើជាព្រំ ឲ្យបញ្ឈប់ជាបន្ទាន់ក្រោយពួកគាត់ប្រទះឃើញ ប៉ះពាល់ដល់ដើមជ័រច្បោះសម្រាប់ប្រជាសហគមន៍អាស្រ័យផល។
ជនជាតិដើមភាគតិចរស់នៅភូមិឡៅកាបានឲ្យដឹងថា គេបានឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនវីឡា ចូលទៅកាយអូរធ្វើក្រវ៉ាត់ព្រំកំណត់ដី។ ដីដើមជ័រនៅសល់តិចតួចពីក្រញ៉ាំរបស់ក្រុមហ៊ុនវីឡាឌីវិឡុបមិន ហើយក្នុងកិច្ចសន្យារបស់ក្រុមហ៊ុនវីឡាឌីវីឡុបមិន គឺមានផ្ទៃដី៧២៧ហិកតា តែក្រុមហ៊ុននេះកំពុងរំលោភលើដីព្រៃដើមជ័រអ្នកភូមិជនជាតិដើមភាគតិចព្នង ដែលរស់នៅក្នុងភូមិឡៅកា យ៉ាងអានាធិបតេយ្យហួសពីកិច្ចសន្យា។
ប្រជាសហគមន៍បន្តថា ដីព្រៃចំនុចនោះគឺអ្នកភូមិបានអាស្រ័យផលតកូនចៅជាច្រើនជំនាន់ហើយ ដូចជា រកឃ្មុំ រកជ័រចុង ជ័ររាំង ជ័រទឹក ចុងផ្តៅ ស្លឹកព្រិចជាដើម។សហគមន៏បញ្ជាក់ថា នៅពេលគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះ គេឃើញមានប៉ូលិស និងសន្តិសុខក្រុមហ៊ុនចុះទៅ ដោយគេបានហាមឃាត់មិនឲ្យអ្នកភូមិចូលទៅតំបន់កើតហេតុទេ។
ចៅសង្កាត់សុខដុម លោក ពៅ សុខផាត បានឲ្យដឹងថា ករណីខាងលើនេះក្រុមហ៊ុនគេកាយព្រំដីដែលសម្បទានដោយរាជរដ្ឋាភិបាលប៉ុណ្ណោះ ដើម្បីងាយស្រួលគ្រប់គ្រង មិនបានកាប់កាយដីអ្នកភូមិទេ។លោកចៅសង្កាត់បន្តថា ចំពោះសកម្មភាពរបស់អ្នកភូមិដែលបានថតបង្ហោះពី សកម្មភាពគ្រឿងចក្រកាយដីធ្វើព្រំនោះ សូមបង្ហោះដីដែលពួកគាត់បានកាប់កន្លងមក ៕
No comments:
Post a Comment