នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង និងនាយករដ្ឋបាលសាលាក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងទាំងបី លោក លោកស្រី នាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីចៅសង្កាត់ មេភូមិក្នុងក្រុងកំពង់ចាម និងមន្ត្រីសាលាក្រុងកំពង់ចាមជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តល់អនុសាសន៍ដឹកនាំ នឹងជាការក្រើនរំលឹក ដល់លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ដែលទើបប្រកាសចូលកាន់តំណែងថ្មី រួមនឹងលោកស្រី នាយករដ្ឋបាលសាលាក្រុង នូវគោលការណ៍មួយចំនួនដូចខាងក្រោម៖
-ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះដឹកនាំឱ្យមន្ត្រីចេះធ្វើការ ចេះសម្របសម្រួល និងចេះដោះស្រាយបញ្ហា។
-ក្នុងនាថ្នាក់ដឹកនាំ ត្រូវចូលរួម គ្រប់ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ឱ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
-ត្រូវខិតខំបម្រើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ជឱ្យបានល្អប្រសើរ។
-ត្រូវរក្សាខ្សែក្រវ៉ាត់ជ័យលាភី រំដួល ៣ទង តាមរយៈ ការរួបរួមសាមគ្គីគ្នា ធ្វើចលនា ទីក្រុងស្អាត និងដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។
-ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និងចែកខិត្តប័ណ្ណផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីការបោះឆ្នោត។
-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងត្រូវចេះផ្តល់ឱ្យដល់មន្រ្តី ចំនួនបី រួមមាន៖ ឱ្យមន្ត្រីចេះធ្វើការ ឱ្យមន្ត្រីចេះ សម្រេចចិត្ត និងឱ្យមន្ត្រីមាន ធនធាន សម្រាប់ធ្វើការ ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ ត្រូវចេះរួបរួម សាមគ្គីភាពរវាង មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវភាពជោគជ័យជូនអង្គភាព។
គួរបញ្ជាក់ថា៖
១-យោងអនុក្រិត្យលេខ២៤០អនក្រ.តត ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្តីពីការតែតាំងមន្ត្រីរាជការត្រូវបានតែងតាំង លោក លី សុវណ្ណ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម
២-យោងប្រកាស១១៨៤ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំង៖ លោក សេង រដ្ឋា ឋានន្តរស័កនាយក្រមការ ថ្នាក់លេខ ៦ ឱ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម និងលោក ស្លេះ អ៊ីសា ឋានន្តរស័កគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម
៣-យោងប្រកាស ១១៨៥ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំង លោកស្រី ឈាន់ សុធី ជានាយករដ្ឋបាលសាលាក្រុងកំពង់ចាម៕
No comments:
Post a Comment