អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ កោះតាង កោះរុងសន្លឹម និងកោះរ៉ុង ក្រុងកោះរ៉ុង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, April 1, 2022

អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ កោះតាង កោះរុងសន្លឹម និងកោះរ៉ុង ក្រុងកោះរ៉ុង

នាព្រឹកថ្ងៃទី៣១ ខែមិនាឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូសាលាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងទ័ពដែលជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ កោះតាង កោះរុងសន្លឹម និងកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ 


មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកងទ័ពដែលឈរជើងការពារនៅតាមបណ្ដាកោះ ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែនលើផ្ទៃទឹក ដែលមានការលំបាកនៅឆ្ងាយពីដីគោក ពិបាកក្នុងការធ្វើដំណើរ និងជីវភាពរស់នៅផ្សេងៗ។ ដូច្នេះហើយទើបសម្ដេចបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជូនបងប្អូននៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងជិតឈានចូលមកដល់នាពេលខាងមុខនេះ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ពដែលជានាយនាវី នាយនាវីរង និងពលនាវីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការការពារបូរណភាពទឹកដី មិនខ្លាចនឿយហត់ ក្នុងនោះនៅតាមបណ្ដាអង្គភាពនីមួយៗ មានការអភិវឌ្ឍរីកចម្រើន ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អាគារធ្វើការ ការដាំដំណាំបន្លែរួមផ្សំ ការចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពកងទ័ពនៅតាមមូលដ្ឋានកោះនីមួយៗបានយ៉ាងល្អប្រសើរ។ 


មេបញ្ជាការតាមបណ្ដាកោះបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងដែលជានាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ព នៅតាមបណ្ដាកោះដែលកំពុងឈរជើងការពារបូរណភាពជូនជាតិមាតុភូមិដោយអត់ខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព-អរគុណនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ពទាំងអស់មានភាពកក់ក្តៅ និងទទួលការយកចិត្តទុកដាក់ផ្តល់កម្លាំងចិត្តឱ្យយើងខ្ញុំមានឆន្ទៈស្មារតីខិតខំបំពេញការងារភារកិច្ចកសាង និងការពារបូរណភាពដែនទឹក និងដែនកោះ នៃព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យកាន់តែបានរឹងមាំរីកចំរើនគង់វង្សជារៀងរហូត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានជំងឺកូវីដ-១៩ បានរាតត្បាតជាសកលលោកក្នុងនោះប្រទេសកម្ពុជាយើងដែរ សម្តេចតេជោ តែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់លើបញ្ហានៃជំងឺកូវីដ-១៩ បានទិញវ៉ាក់សាំងចាក់ការពារ ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយម្នាក់ៗទទួលបាន (បីឬបួនដូស) ហើយសម្តេចតេជោនៅតែបានបន្តឧបត្ថម្ភចិញ្ចឹមបីបាច់ថែរក្សាជួយទំនុបបំរុងយើងខ្ញុំជារៀងរហូតមិនដែលភ្លេចម្តងណាឡើយ ខែរងាមានអាវរងា ខែភ្លៀងមានអាវភ្លៀង មានថ្នាំពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់។ 


អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនកងទ័ពឈរជើងតាមកោះទាំង៤ មានដូចជា នំអន្សមជ្រូក ត្រសក់ចាវ ត្រីងៀត ត្រីឆ្អើរ ប្រហុក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ មី ទឹកសុទ្ធ ទឹកក្រូច និងស្រាបៀរ។ ដោយឡែកចំពោះនាយនាវី និងពលនាវីទាំង ៤កោះ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ភរិយាកងទ័ពទទួលបានថវិកា ម្នាក់ ១០ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់អង្គភាពមួយចំនួនផងដែរ៕












 

No comments:

Post a Comment

Pages