កំពង់ចាម៖ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការជានារី ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សយើងត្រូវរួបរួមគ្នា ថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្ស ពីព្រោះថា បើមានសង្គ្រាមយើងមិនអាច និយាយ ពីសិទ្ធិរស់រាន មានជីវិតបានទេ។ ឯកឧត្តម បានបន្តទៀតថា ការប្រារព្វពិធីអបអរសាទរ ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាឱកាសនេះ ពិតជាមាន សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី ក្មេងស្រី និងការផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីធានាបាននូវដំណើរការសង្គម ប្រកបដោយសុខដុមរមនា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយទៅជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឃន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការងារ លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺជាវិស័យ អាទិភាពដាច់ ដោយឡែក ក៏ដូចជាការងារអាទិភាព ជាអន្តរវិស័យ ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដោយស្របជាមួយចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមដែលបាន ផ្តល់នូវឧត្តមប្រយោជន៍ ជាច្រើន ជាពិសេសដល់កុមារ និងស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ ជរាគ្មានទីពឹង និងផ្តល់ការគាំពារថែទាំសុខភាពដល់ប្រជាជន ដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រដោយធានាបានថា «មិនទុកនរណាម្នាក់ឲ្យនៅឯកោ» និងធានាបានថាស្ត្រី និងក្មេងស្រីកម្ពុជាគ្រប់រូបនឹងទទួលបានផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ៕
No comments:
Post a Comment