ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ទុកថា កម្មវិធីចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ នាពេលនេះ គឺជាការចូលរួមចំណែក គិតគូរអំពីសុខភាព និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្ដម រួមជាមួយ លោកជំទាវ ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្សនិស្សិត បញ្ញាវ័ន្តក្មេងវត្ត ចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋលើកទី២ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះ។
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ពេលនេះ យើងមានក្រុមគ្រូពេទ្យ ចុះមកដល់មូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងពិគ្រោះជម្ងឺ ដោយផ្ទាល់ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ការកាត់បន្ថយចំណាយ ទៅលើការពិគ្រោះ និងការទិញថ្នាំសង្កូវផ្សេងៗ ខណៈពេលដែល បងប្អូនមានបញ្ហាសុខភាពហើយ ត្រូវអញ្ជើញទៅពេទ្យឯកជន ឬកន្លែងខាងក្រៅនោះ។ ឯកឧត្ដម លើកឡើងថា ទាំងអស់នេះ គឺជាការគិតគូ យកចិត្តទុកដាក់ អំពីសុខមាលភាព របស់ប្រជាពលរដ្ឋយើង ក្រោមការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ចំពោះ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីការកសាងនូវសមិទ្ធផល ជាហេដ្ឋារចនាសម្ព័ន្ធនោះ។
ក្រៅពីនោះ កម្មវិធីថ្ងៃនេះ យើងក៏បានបន្ថែម ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយើង ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ទាំងដូសមូលដ្ឋានក្ដី និងដូសជម្រុញ ដើម្បី បង្កើននូវភាពស៊ាំ នៅក្នុងសហគមន៍ ផងដែរ។ ដូច្នេះ សូមឲ្យបងប្អូន គិតគិតគូអំពីសុខភាព និងជីវភាពរបស់ខ្លួន រួមទាំង ការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង ថែមទៀត។ ក្រៅពីនោះ បងប្អូនដែលមកទីនេះ ក្រោយពីទទួលការពិនិត្យព្យាបាល និងទទួលបានថ្នាំសង្កូវហើយ នៅពេលត្រឡប់ទៅផ្ទះវិញ សូមប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់គ្រូពេទ្យ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ហ៊ុន ម៉ានិត ដែលបានចាត់តាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ១ក្រុម ដើម្បីបានចុះមកពិនិត្យព្យាលជម្ងឺ ជូនប្រជាពលរដ្ឋ នៅនៅក្រុងកំពង់ចាម ដោយឥតគិតថ្លៃ នាពេលនេះ ផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត សៅ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមន៍ សិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត បានគូសបញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមគ្រូពេទ្យ បានចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិចថ្លៃ ដែលលើកទី ១ បានធ្វើនៅភូមិឡឥត សង្កាត់បឹងកុក និងលើកទី ២ បានធ្វើនៅទីនេះ ។ លោកបញ្ជាក់ដែរថា ការចុះពិនិត្យព្យាបាលជម្ងឺ លើកទី២ នេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមន៍ សិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្តចំនួន ១១នាក់ ក្រុមគ្រូពេទ្យមកពីមណ្ឌលសុខភាព របស់ការិយាល័យសុខាភិបាល ប្រតិបត្តិចំនួន ១៣នាក់ និងនិស្សិតទន្តគិលានុប្បដ្ឋាកចំនួន ០៤នាក់ ។ លោកបន្តថា ការចុះពិនិត្យព្យាបាល នាពេលនេះដែរ គឺធ្វើទៅលើផ្នែកជម្ងឺទូទៅ មាន ៖ ការពិគ្រោះជម្ងឺ សម្រាប់មនុស្សចាស កុមារ និងពិគ្រោះជម្ងឺមាត់ ធ្មេញ ជាដើម។
បន្ថែមពីលើនេះ ក្រោមការចង្អុលបង្ហាញ របស់ ឯកឧត្ដម អភិបាលខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគ្លីនិកចល័ត សម្រាប់បំរើសេវា ថតអេកូ ថតកាំរស្មីអិច ព្រមទាំង ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនបងប្អូនកូនក្មួយដែលមានអាយុ ០៣ឆ្នាំ ឡើងទៅ ហើយនឹងប្រជាពលរដ្ឋ ជាមនុស្សចាស់ ផងដែរ៕
No comments:
Post a Comment