ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ បានផ្ញើសារលិខិតអបអរសារទខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដោយមនោសញ្ចេតនាសប្បាយរីករាយ ដើម្បីក្រើនរំលឹក និងចងចាំ ចំពោះការតស៊ូ និងការខិតខំរបស់ស្ត្រីទូទាំងសកលលោក ទាមទារការទទួលស្គាល់ជាសកលនូវតម្លៃ និងសិទ្ធិសេរីភាពដែលត្រូវបានបំពានក្នុងអតីតកាល។
ក្នុងសារលិខិតនេះដែរ សម្តេចក្រឡាហោម បានធ្វើការវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែលមិនត្រឹមតែបានបំពេញនូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ជាមាតា ជាភរិយា ជាកូនស្រី បងស្រី ប្អូនស្រី សម្រេចបាននូវបរិយាកាសកក់ក្តៅក្នុងក្រុមគ្រួសារនឹងសង្គមជាតិនោះទេ។ ស្ត្រីថែមទាំងបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការងារដឹកនាំ ការងារគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ សម្រេចបាននូវស្នាដៃជាច្រើនក្នុងបេសកកម្ម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ សម្តេចក្រឡាហោមបានបន្ថែមទៀតថានៅគ្រប់កាលៈទេសៈ ពិសេសស្ថានភាពដែលប្រទេសជាតិយើងកំពុងតែជួបការលំបាក និងតស៊ូជម្នះនូវបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ១៩ នារីគ្រប់រូបបានដើរតួនាទីជាកម្លាំងស្នូល ប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ និងអំណត់ព្យាយាមបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់មុខសញ្ញា រាប់ទាំងនៅលើដងផ្លូវសារធារណៈ នៅក្នុងអង្គភាពប្រតិបត្តិការ និងនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្មក្នុងការការពារ និងបង្ការទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ តាមគ្រប់មធ្យោបាយជូនប្រជាពលរដ្ឋនៅតាមគោលដៅងាយរងគ្រោះដោយមិនរើសអើង។
ក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យជា្រលជ្រៅជាសកល នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១១១ សម្តេចក្រឡាហោម និងលោកជំទាវ បានជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃបានប្រកបនូវពុទ្ធពរទាំង៤ប្រការផងដែរ៕
No comments:
Post a Comment