នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា ហើយក៏មានការចូលរួមពីមន្ទីរអង្គភាពក្នុងខេត្ត លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សកាយរិទ្ធ យុវជនកាកបាទក្រហម និងក្រុមការងារអនាម័យបរិស្ថានក្រុងប្រមាណជាង ៣០០នាក់ ស្ថិតនៅឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថាកម្មវិធីបញ្ជ្រាបការយល់ដឹង និងកម្មវិធីត្រៀមដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ ២០២២ ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១០-២០២៥ និងកំណត់យកខេត្តព្រះសីហនុជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង៤ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ជាតិផ្អែកលើសក្កានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ចនិងធនធានធម្មជាតិដ៏ស្រស់ស្អាត។
ក្នុងនាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរជំនាញពាក់ព័ន្ធម្ចាស់អាជីវកម្មនិងប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមេត្តាចូលរួមឱ្យបានសកម្ម និងជាប់ជាប្រចាំនៅក្នុងការយកចិត្តទុកដាក់គ្រប់គ្រងនិងលើកកម្ពស់សុវត្ថិភាពសណ្ដាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈនៅក្នុងទីក្រុង និងតាមរមណីដ្ឋាន តំបន់ឆ្នេរ របស់យើងឲ្យបានល្អប្រសើរជាពិសេសយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងវិធានសុវត្ថិភាពសុខាភិបាល ៣កុំ ៣ ការពារឲ្យបានម៉ត់ចត់ជាប្រចាំដើម្បីឈានទៅសម្រេចគោលដៅខាងលើក៏ដូចជានាំមកនូវកិត្យានុភាពកិត្តិយសជួនរដ្ឋបាលខេត្ត ក្រុង និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុបានអានសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជានៅខ្លឹមសារទាំងស្រុង ។
ឯកឧត្ដម ក៏បានបញ្ជាក់ថាក្នុងនាមរដ្ឋបាលខេត្តតំណាងឱ្យប្រជាពលរដ្ឋទាំងអស់បានគាំទ្រ និងចូលរួមចំណែកលើកទឹកចិត្តដល់ប្អូនៗយុវជនជាពិសេសប្អូនៗសិស្សានុសិស្សប្រជាពលរដ្ឋម្ចាស់អាជីវកម្មគ្រឹះស្ថានរោងចក្រសហគ្រាសនានាបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតងដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិយើង។
ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យពិធីទិវាជាតិទីក្រុងស្អាតលើកទី១០ នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យជាពិសេសឈានទៅដណ្ដើមជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង លើកទី៣ និងជ័យលាភីឆ្នេរស្អាតនាចុងឆ្នាំ២០២២ និងចូលរួមនៅក្នុងយុទ្ធនាការកម្ពុជាស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ទន្ទឹមនឹងនេះខេត្តព្រះសីហនុក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៨ នៅចុងឆ្នាំ២០២២ ក៏ដូចជាចូលរួមរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខផងដែរ។
នៅក្នុងឱកាសនោះគណៈអធិបតី និងសមាជិកនៃអង្គពិធីក៏បានចូលរួមសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរដើម្បីចូលរួមអបអរសាទរជាមួយនឹងទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ប្រកបដោយភាពសប្បាយរីករាយ៕
No comments:
Post a Comment