ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, March 7, 2022

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។ 


ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជាក់អំពីតម្លៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឲ្យគ្រប់ដៃគូពាក់ព័ន្ធ បន្តអនុវត្តវិធានការគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដីនៅក្នុងរបៀបវារៈស្ដារសេដ្ឋកិច្ច-សង្គមកិច្ចក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 


ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាឱកាសនោះថា ទិវានេះគឺតែងតែធ្វើការប្រារព្ធជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្ត ក្រសួង មន្ទីរជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា សូម្បីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្ដេចតេជោ ហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏យកចិត្តទុកដាក់លើស្រ្ដី ដែលជំរុញឲ្យស្រ្ដីមានសិទ្ធិស្មើគ្នាដូចបុរសផងដែរ។ 


ឯកឧត្តមបានបន្តទៀតថា ពីមុនបុរសប្រៀបបីដូចជាមាសទឹកដប់ ដែលមានតម្លៃ មានសិទ្ធិសម្រេចចិត្តជាដើម ក៏ប៉ុន្តែបច្ចុប្បន្ននេះគឺមិនដូចមុនឡើយ បុរស និងស្រ្ដីគឺមានសិទ្ធិស្មើគ្នា ហើយស្រ្ដីប្រៀបបីដូចជានារីរតនៈ ដែលមិនអាចខ្វះបាន នារីមានសិទ្ធិក្នុងការសម្រេចចិត្ត មានសិទ្ធិក្នុងការដឹកនាំដូចបុរសដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏បានលើកទឹកចិត្តនិងកំណត់នូវគោលការណ៍ដោយគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំក្នុងក្រសួង មន្ទីរអង្គភាព ត្រូវមាននារី ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិដូចបុរសផងដែរ។ 


ឯកឧត្តម បានស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលកំពុងតែរីករាលដាលជាសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមនាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសជំរុញ ព្រោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជួយស្រោចស្រង់ប្រជាពលរដ្ឋរួចផុតពីការឆ្លងពីជំងឺនេះ ឬជួយកុំឲ្យប្រជាពលរដ្ឋចេញអាការៈធ្ងន់ធ្ងរ ពេលដែលបានឆ្លងកូវីដ-១៩ និងជួយឲ្យអត្រានៃការស្លាប់ពីជំងឺនេះឲ្យស្ថិតនៅទាបបំផុត៕








 

No comments:

Post a Comment

Pages