ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ រួមនឹង លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ៥៣៤រូប របស់សាកលវិទ្យាល័យជាតិមានជ័យ។
មានប្រសាសន៍ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមកសាងសន្តិភាព សណ្តាប់ធ្នាប់ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមមូលដ្ឋាន និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរនិងថ្លែងអណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ប្រកបដោយលទ្ធផល ពិសេសការអភិវឌ្ឍធនធានមនុស្ស ធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនគួរជាទីមោទន ជាពិសេសការបង្កើតគណៈកម្មការដឹកនាំកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យដើម្បីដឹកនាំធ្វើកំណែទម្រង់ និងជួយជំរុញការអភិវឌ្ឍសាកលវិទ្យាល័យនេះបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក សាកលវិទ្យាល័យជាតិមានជ័យ ក្នុងការបណ្តុះបណ្តាល អប់រំ ដល់និស្សិតដែលជាធនធានមនុស្សអស់រយៈពេលជាង១៥ឆ្នាំ ជាបន្តបន្ទាប់មកនេះ ប្រកបដោយលទ្ធផលគួរជាទីមោទន ដែលជាចំណែកមួយនៃការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងគណ:អធិបតី សូមចូលអបអរសាទរចំពោះនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅពេលនេះ ដែលរួមមានសញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាភ្លើងសង្គ្រាមក្នុងទសវត្សរ៍៧០ និងរបបប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើឱ្យប្រទេសកម្ពុជាទទួលរងការបំផ្លាញគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធនធានមនុស្ស។ ក្រោយថ្ងៃរំដោះ៧មករា ប្រជាជនទាំងអស់បានរស់រានមានជីវិត ហើយប្រទេសជាតិបានអភិវឌ្ឍពីចំណុចសូន្យ ជាបន្តបន្ទាប់រហូតដល់យើងទទួលបានស្ថិរភាពនយោបាយ និងសន្តិភាពពេញបរិបូរណ៍ដូចពេលបច្ចុប្បន្ន។ សន្តិភាព និងការអភិវឌ្ឍទាំងអស់នេះគឺកើតឡើងដោយសារ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំឈ្លាសវៃ ដែលជាយុទ្ធសាស្រ្តគន្លឹះនៃការនាំមកជូនប្រទេសជាតិទាំងមូល និងប្រជាជនទាំងអស់ នូវសុខសន្តិភាពដ៏ពេញលេញ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះនៅក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ កន្លងមក សម្តេចតេជោបានដាក់ចេញនូវវិធានការយុទ្ធសាស្រ្តយ៉ាងមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញ។ ទោះបីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើន ដែលក្នុងឆ្នាំ២០២១ កំណើន៣% ហើយឆ្នាំ២០២២នឹងកើនក្នុងរង្វង់៥.៦%។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាវិស័យអាទិភាព ក្នុងចំណោម វិស័យនានា ដែលមាននៅក្នុងកម្មវិធីកំណែទម្រង់នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ គឺ “មនុស្ស ទឹក ភ្លើង ផ្លូវ” ពីព្រោះការ អប់រំបណ្តុះបណ្តាល គឺជាកាបណ្តុះនូវមូលធនបញ្ញា មនសិការស្នេហាជាតិ ចំណេះដឹង ជំនាញ សមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ និងការវិនិយោគរយៈពេលវែង ក្នុងយុគ្គសម័យ «បដិវត្តន៍ឧស្សាហកម្មទី៤» ស្របតាមតម្រូវការសង្គមជាតិ។ ហើយគុណភាពអប់រំ ជាអាទិភាពក្នុងការផលិតមនុស្ស ដើម្បូប្រកួតប្រជែងក្នុងទីផ្សារការងាខណះពេលដែលកម្ពុជា បានសមាហរណកម្មជាមួយសហគមន៍អន្តរជាតិទាំងក្នុងក្របខណ្ឌអនុតំបន់ តំបន់ និងពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ មន្រ្តី បុគ្គលិក និងប្រជាជន ក្នុងខេត្តទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាព ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់រដ្ឋស៊ីជម្រៅ។ ចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យ សូមរួមគ្នាបន្តកែលម្អរនិងអភិវឌ្ឍគុណភាពអប់រំ ជំនាញឲ្យបានកាន់តែ ទូលំទូលាយ។ ចំពោះនិស្សិតជ័យលាភី សូមយកដំណេះដឹង និងជំនាញ ដើម្បីចែកេម្លែក និងបម្រើការងារក្នុងវស័យរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍប្រទេសយើង ហើយសូមបន្តស្រាវជ្រាវ អភិវឌ្ឍខ្លួនឯងបន្ថែមទៀតស្របតាមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រូបង្រៀន មន្រ្តី បុគ្គលិក និស្សិត និងប្រជាជនទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមសហគមន៍។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ម៉ៅ ម៉ាល័យ រួមនឹង លោកជំទាវ ញ៉ែម សាខន ស ខេង បានចូលរួមគាំទ្រឧបត្ថម្ភថវិកាដល់អង្គពិធីទាំងមូល និងបានបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ សាកលវិទ្យាល័យជាតិមានជ័យ រួមមាន ម៉ាស៊ីនបញ្ចាំង LCD, កុំព្យូទ័រ, និង ម៉ាស៊ីនត្រជាក់ មួយចំនួនទៀត៕
No comments:
Post a Comment