កិច្ចប្រជុំទ្វេភាគី ស្តីពីការលើកកម្ពស់ការទំនាក់ទំនងសេដ្ឋកិច្ច សង្គម ឆ្នាំ២០២១ និងលើកទិសសម្រាប់ឆ្នាំ២០២២ - ២០២៥ រវាងខេត្តរតនគិរី នៃព្រះរាជណាចក្រកម្ពុជា និងខេត្តយ៉ាឡាយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ត្រូវបានប្រារព្ធធ្វើឡើង តាមប្រព័ន្ធវីដេអូZOOM នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តរៀងៗខ្លួន។
កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតគិរី ភាគីវៀតណាម ដឹកនាំដោយឯកឧត្តម វ៉ ង៉ុកថាញ់ ប្រធាន គណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ។ នៅក្នុងកិច្ចប្រជុំជាផ្លូវការនេះ ខេត្តទាំងពីរ (រតនគិរី-យ៉ាឡាយ) បានធ្វើការវាយតម្លៃលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានឯកភាពគ្នាលើចំណុចសំខាន់ៗ ចំនួន១២រួមមាន៖
១- ខេត្តទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងឋានៈជាខេត្តជាប់ភូមិផងរបងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារួមគ្នា សំដៅរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង រឹតចំណង សាមគ្គីភាព នៃខេត្តទាំងពីរឲ្យកាន់តែល្អប្រសើរឡើង និងពង្រីកការចាត់តាំងអនុវត្តឲ្យចេញជារូបរាងនូវរាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានឯកភាពគ្នាឲ្យមាន ប្រសិទ្ធភាព ។
២- ខេត្តទាំងពីរនឹងបន្តអនុវត្តន៍ខ្លឹមសារកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ និងកំណត់ហេតុកិច្ចប្រជុំលើកទី១១ កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងសហការអនុត្តន៍ឲ្យបានត្រឹមត្រូវ តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានឯកភាពគ្នានាពេលកន្លងមក។
៣- ខេត្តទាំងពីរបន្តជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ(កម្ពុជា) និងច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់(វៀតណាម) ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ចូលមកធ្វើសកម្មភាពវិនិយោគលើសក្តានុពល និងចំណុចខ្លាំងនៃខេត្ត ទាំងពីរប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ព្រំដែន។
៤- ខេត្តទាំងពីរបន្តពង្រឹងកិច្ចសហការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។ ករណីមានការពាក់ព័ន្ធ ខេត្តទាំងពីរត្រូវផ្តល់ព័ត៌មានឲ្យ គ្នាទៅវិញ ទៅមក ជាបន្ទាន់សំដៅសហការទប់ស្កាត់ បង្ក្រាប និងដោះស្រាយឲ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ ភាគីនីមួយៗ ត្រូវអប់រំប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ព្រំដែននៃប្រទេសរបស់ខ្លួន ដើម្បីរក្សាចំណងមិត្តភាព សាមគ្គីភាព និងត្រូវពង្រឹងការ គោរពច្បាប់អន្តរជាតិ និងច្បាប់ប្រទេសនីមួយៗ ជាពិសេសពាក់ព័ន្ធការឆ្លងដែនលួចចូលមករកស៊ីក្នុងភូមិសាស្ត្រទឹកដីនៃភាគីម្ខាងៗ ។
៥- ខេត្តទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីថែរក្សា ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន និងរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាមនៃខេត្តទាំងពីរ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងជួយសហការ គាំទ្រដល់គណៈកម្មការបោះបង្គោលព្រំដែននៃភាគីនីមួយៗ ក្នុងការបំពេញបែបបទ ដើម្បីបន្តវាស់វែង និងបោះបង្គោលព្រំដែនដែលនៅសេសសល់។
៦- ខេត្តទាំងពីរ បង្កើនកិច្ចសហការគ្នាក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតតាមតំបន់ព្រំដែន ជាពិសេសការរីករាលនៃជំងឺកូវីដ-១៩ និងផ្តល់ ឱកាសឲ្យមន្ទីរសុខាភិបាល នៃខេត្តទាំងពីរ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យ និងវាយតម្លៃផ្នែកសុខាភិបាល។
៧- ខេត្តទាំងពីរ ឯកភាពគ្នារិៈរកនីតិវិធី និងសម្រួលបែបបទផ្នែកច្បាប់ ដើម្បីផ្ដល់ភាពងាយ ស្រួលសម្រាប់ការដឹកជញ្ជូនទៅមក ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី (កម្ពុជា) និងឡេថាញ់ ខេត្តយ៉ាឡាយ(វៀតណាម) សំដៅជំរុញការអភិវឌ្ឍ និងលើកកម្ពស់ វិស័យពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង។
៨- ខេត្តទាំងពីរ បន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលឲ្យគ្នាទៅវិញទៅមក ដើម្បីរៀបចំ ផ្សព្វផ្សាយសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ និងផលិតផល OCOP បាននាំទៅលក់ នៅលើទីផ្សារ និងផ្សារទំនើបក្នុងខេត្តនៃភាគីនីមួយៗ។ លើសពីនេះ ត្រូវសហការផ្លាស់ប្តូរ ព័ត៌មានជាប្រចាំ និងឆាប់រហ័ស អំពីថ្លៃទំនិញ ការបង់ពន្ធ របស់ភាគីនីមួយៗ ការទប់ស្កាត់ ការរត់ពន្ធ និងការដឹកជញ្ជូនដោយខុសច្បាប់។
៩- ខេត្តទាំងពីរ ផ្តល់កិច្ចសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់បណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ដើម្បីធ្វើអាជីវកម្មនាំភ្ញៀវទេសចរអន្តរជាតិ ឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ(កម្ពុជា) និងច្រកទ្វារអន្តរជាតិឡេថាញ់(វៀតណាម) ជាពិសេសជំរុញ ឲ្យមានទេសចរណ៍ការ៉ាវ៉ាន់ (Caravan) ដោយប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។
១០- ខេត្តទាំងពីរ បន្តគាំទ្រដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ នៅតាមតំបន់ព្រំដែន បន្តលើកកម្ពស់ ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋចូលរួមក្នុងការងារមនុស្សធម៌ ការពារសន្តិសុខព្រំដែន ប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។
១១- ខេត្តទាំងពីរ បន្តសហការជួយបណ្តុះបណ្តាលភាសាជាតិនីមួយៗ (កម្ពុជា-វៀតណាម)(វៀតណាម-កម្ពុជា) ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង តាមលទ្ធភាពនៃភាគីទាំងសងខាង។ លើសពីនេះ គួរផ្ដល់ឱកាសឲ្យមន្ទីរអប់រំ យុវជន និងកីឡានៃខេត្តទាំងពីរ មាន
ការទំនាក់ទំនងរៀបចំប្រកួតក្រុមកីឡាយុវជន ដើម្បីផ្លាល់ប្តូរបទពិសោធន៍ និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងខេត្តទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
១២- ខេត្តរតនគិរី បន្តជួយបង្កលក្ខណៈងាយស្រួលដល់គណៈកម្មការជំនាញខេត្តយ៉ាឡាយ ក្នុងការរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារK52 របស់ខេត្តយ៉ាឡាយ ក្នុងការរុករក ជីកគាស់ អដ្ឋិធាតុ និងការធ្វើដំណើរចេញ-ចូលបំពេញភារកិច្ច នៅលើទឹកដីខេត្តរតនគិរី (កម្ពុជា) ស្របតាមគោលការណ៍របស់រដ្ឋាភិបាល និងវិធានការសុខាភិបាលនៃប្រទេសទាំងពីរ៕
No comments:
Post a Comment