រដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 1, 2022

រដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម

ខេត្តកណ្ដាល៖ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់នីតិវិធីសម្របសម្រួលការងារ និង ការបង្កើនប្រសិទ្ធិភាពនៃការចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្ម ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីនេះដែរមានការចូលរួមពីកងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក ទាំង១១ និងមន្ទីរអង្គភាពពាក់ព័ន្ធ។ 


ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សិក្ខាសាលានេះគឺពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់នីតិវិធីសម្របសម្រួលការងារ និង ការបង្កើនប្រសិទ្ធិភាពនៃការចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្ម ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថា អំពើភេរវកម្ម ជាអំពើខុសច្បាប់ មានទម្រង់ហិង្សា កេងប្រវ័ញ្ច បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ បង្កអសន្តិសុខសង្គម និងនៅក្នុងរូបភាពវាយប្រហារនយោបាយ ដឹកនាំរបស់ប្រទេស ដែលជាទូទៅអំពើភេរវកម្មនេះ មានលក្ខណៈជាបណ្ដាញ ការត្រៀមរៀបចំផែនការ ឧបាយកលច្បាស់លាស់ពីពួកអមិត្ត ដែលនេះ ទាមទារឱ្យការប្រយុទ្ធប្រឆាំងអំពើភេរវកម្មមានយន្តការ ច្បាស់លាស់ មានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរជាតិ។


ឯកឧត្ដមអភិបាលខេត្ត បន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបាននូវសន្តិភាព បរិបូរណ៍ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានរៀបចំយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដើរតួនាទីស្នូល ក្នុងការរៀបចំយុទ្ធសាស្ត្រ ផែនការ ដើម្បីបង្ការឆ្លើយតប និងស្តារឡើងវិញពីការគំរាមកំហែងរបស់ភេរវកម្ម ឬឧបទ្ទវហេតុនានា ដែលបង្កឡើងដោយពួកអមិត្ត ដែលទាមទារឱ្យយើងចេះព្យាករណ៍ និងវាយ តម្លៃឱ្យបានច្បាស់លាស់ចំពោះហេតុការណ៍នានា ដែលអាចកើតមានឡើងជាយថាហេតុ ការអនុវត្ត ការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺផ្អែកតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ 


ឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលាទាំងមូល និងបានលើកឡើងថា អំពើភេរវកម្ម គឺជាប្រភេទឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតក្នុង ប្រវត្តិសាស្ត្រនៃមនុស្សជាតិ បាននឹងកំពុងបន្តគំរាមកំហែងឥតឈប់ឈរ ព្រមទាំងបង្កមហន្តរាយដល់ អាយុជីវិតមនុស្សគ្រប់ជាតិសាសន៍ គ្រប់វ័យ គ្រប់ទីកន្លែងដែលវាអាចធ្វើសកម្មភាពបាន ពីកន្លែងមួយ ប្រទេសមួយ តំបន់មួយ រហូតអន្តរតំបន់ និងអន្តរទ្វីប បង្កើតឱ្យមានហានិភ័យ និងក្តីព្រួយបារម្ភជាទូទៅ សម្រាប់ពិភពលោកទាំងមូល ជាការកត់សម្គាល់សកម្មភាពភេរវកម្មបង្កឡើងដោយភេរវជន ឬអង្គការ ចាត់តាំងរករវកម្ម តាមរយៈនៃការប្រើប្រាស់មធ្យោបាយជាច្រើន ដូចជាការក្លែងឯកសារសាធារណៈ ហិរញ្ញប្បទានភេរវកម្ម ការបណ្តុះមនោគមវិជ្ជាតាមបណ្ដាញទំនាក់ទំនងសង្គមទំនើប(Facebook, Twitter, Whatsapp Telegram Rocket, Chat... ក្នុងការអូសទាញកម្លាំងចូលរួមក្នុងសកម្មភាពភេរវកម្ម ការធ្វើបដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា ការវាយប្រហារដោយការដាក់បំផ្ទុះ ការបំផ្ទុះ គ្រាប់បែកដោយមនុស្សអត្តឃា ឬដោយប្រើប្រាស់សត្វពាហនៈអត្តឃា ការវាយប្រហារបែបប្រដាប់អាវុធ ប្រើប្រាស់យន្តហោះបញ្ហា(Drone) ការវាយប្រហារដោយប្រើប្រាស់រថយន្តបើកបំបុកហ្វូងមនុស្ស និងមធ្យោបាយដទៃៗទៀត៕







 

No comments:

Post a Comment

Pages