ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងកីឡាប៉េតង់ នៅខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នៅកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។
ឯកឧត្តមបន្តថា មហាវិនាសកម្មនេះ សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្ត ដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ ។
ឯកឧត្តមបានថ្ងែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាមរយៈការរៀបចំឱ្យមានការប្រកួតនេះហើយដែលធ្វើអោយវិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ព្រោះថាការប្រកួតកីឡាគឺមានឈ្នះមានចាញ់វារឿងធម្មតា អ្វីដែលសំខាន់នោះត្រូវពង្រឹងវិន័យ រក្សាសាមគ្គីភាពក្នុងក្រុមអោយបានរឹងមាំ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែថែមទៀតដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលក្រោយទៀត។
សូមជម្រាបថា ៖ការប្រកួតនេះ មានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែមករា។ ក្រុមដែលបានដាក់ពាក្យ ចូលរួមប្រកួត សរុប ចំនួន ៥២៥នាក់ ក្នុងនោះស្រី ១២នាក់ ចែកចេញជា២វិញ្ញាសាគឺ៖ វិញ្ញាសា កីឡាបាល់ទាត់ ចំនួន ១៩ក្រុម ស្មើនឹង ៤៣៧នាក់ និងវិញ្ញាសា កីឡាប៉េតង់ចំនួន ២២ក្រុម ស្មើនឹង ៨៨នាក់៕
No comments:
Post a Comment