នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្ត។
ថ្លែងនាឱកាសកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដាក់ចេញវិធានការមួយចំនួន ទៅដល់អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា អនុវត្តន៍ឲ្យមានប្រសិទ្ធភាពទៅតាម ផែនការការពារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា និង ផែនការត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ជាច្រើនទៀត នាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។ ម្យ៉ាងទៀត ជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះ ឯកឧត្តមបណ្ឌិត បានធ្វើការក្រើនរំលឹក និងដាក់ចេញវិធានការមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ផងដែរ។
បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត បានណែនាំត្រូវបន្តផ្សព្វផ្សាយនូវរាល់វិធានការ បង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ បន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ពិសេសភូមិឃុំ-សុវត្ថិភាព និងចាំទទួលរាល់សំណើរពលរដ្ឋយកទៅដោះស្រាយ បង្ក្រាបរាល់បទល្មើសទាំងអស់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីធានាសុខសុវត្ថិភាពក្នុងមូលដ្ឋាន ពិសេសបទល្មើសនេសាទខុសច្បាប់៕
No comments:
Post a Comment