ភ្នំពេញ÷ រថយន្តកាំរីឆ្លាមមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តហាយឡែនឌ័រមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុកជាមួយនឹងរថយន្តសុីណាចំទ្វារខាងឆ្វេងផ្លោងទៅឡើងលើសួនច្បារបុកនឹងបង្គោលស្លាកចរាចរណ៍មួយដើមបាក់រាបដល់ដីរថយន្តកើលជាមួយនឹងខឿងចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំទើបរថយន្តទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ អា ត្រង់ចំណុចនឹងបុរីមេគង្គ សុីធី ទល់មុខនឹងភូមិសំបួរមាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកការីឆ្លាមពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-9058 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ អា ខណៈពេលមកត្រង់ចំណុចផ្លូវបំបែកជាបីក៏បានបត់ឆ្វេងបំរ៉ុងឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាកTOYOTA ហាយឡែនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-7435 បើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំគូទរថយន្តកាំរីឆ្លាមពេញទំហឹងហើយក៍ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកសុីណាព័ត៌មានទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-6691ដែលកំពុងបើកធ្វើដំណើរបញ្រ្ចាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យផ្លោងខ្ទាតប្រហែលប្រាំ ម៉ែត្រឡើងទៅលើសួនច្បារបុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមទើបកើលនឹងខឿងសួនទៅមុខលែងរួច បណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនិងទុកពេលឲ្យភាគីទាំង៣ធ្វើការចរចាគ្នាអស់រយៈពេលជិត១ៈម៉ោង នៅតែមិនត្រូវរ៉ូវគ្នាទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
No comments:
Post a Comment