រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើជាច្រើនកន្លែងក្នុងស្រុកត្រពាំងប្រាសាទ នៅតែបន្តដំណើរការបើកធ្វើយ៉ាងកក្រើកខណៈមន្ត្រីជំនាញពាក់ព័ន្ធទើបតែចុះបង្ក្រាបមិនទាន់បានមួយដង្ហើមចង្រិត!! - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Saturday, October 23, 2021

រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើជាច្រើនកន្លែងក្នុងស្រុកត្រពាំងប្រាសាទ នៅតែបន្តដំណើរការបើកធ្វើយ៉ាងកក្រើកខណៈមន្ត្រីជំនាញពាក់ព័ន្ធទើបតែចុះបង្ក្រាបមិនទាន់បានមួយដង្ហើមចង្រិត!!

ឧត្តរមានជ័យ៖ រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើអត់ច្បាប់ជាច្រើនកន្លែង ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលសព្វថ្ងៃនេះកំពុងតែមានសកម្មភាពបើកធ្វើយ៉ាងគគ្រឹកគគ្រេងដដែល ខណៈរោងម៉ាស៊ីនរ៉ៃជ្រៀកឈើជាច្រើនកន្លែងត្រូវបានកម្លាំងមន្ត្រីជំនាញចម្រុះទើបតែចុះបង្ក្រាបនៅពេលថ្មីៗនេះ។


ជាក់ស្ដែងដូចជារោងសិប្បកម្មកែច្នៃរបស់មេឈ្មួញវ័យក្មេងឈ្មោះ(ដេត) ដែលមានទីតាំងស្ថិតនៅចំណុចជិតផ្លូវបំបែកជាបួនទៅភូមិអូរសោម បត់ខាងស្ដាំដៃចម្ងាយពីបំបែកប្រហែលជាងមួយរយម៉ែត្រ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរាល់ថ្ងៃកំពុងតែមមាញឹកធ្វើយ៉ាងសកម្ម ដោយដើរប្រមូលទិញឈើតាប់ៗនិងឈើសន្លឹកពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ក្នុងមួយថ្ងៃៗជាច្រើនម៉ែត្រគីប ដឹកជញ្ជូនយកចូលទៅកែច្នៃធ្វើជាគ្រឿងសង្ហារឹម ដើម្បីដឹកជញ្ជូនយកទៅលក់នៅតាមបណ្តាខេត្តនានា តាមរយៈរថយន្ត ថុនដ្រា ពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ.2AW-8212) និងដឹកជញ្ជូនតាមរថយន្តផ្សេងៗជាច្រើនគ្រឿងទៀត។


ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកត្រពាំងប្រាសាទ បានដាក់ការសង្ស័យថាៈ ករណីដែល អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកទាំងអស់ មិនព្រមធ្វើការចុះបង្ក្រាបតាមរោងសិប្បកម្មកែច្នៃព្រៃឈើជាច្រើនកន្លែងទាំងអស់នោះ គឺសង្ស័យតែជាកន្លែងប្រភពចំណូល ឬក៏ជាឆ្នាំងបាយរបស់អស់លោកមន្ត្រីទាំងនោះទេដឹង ទើបបានជាមិនព្រមធ្វើការបង្រ្កាបសោះអញ្ចឹង?


ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបានធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមឯកឧត្ដម មានចំណាត់ការចំពោះ អស់លោកមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ ដែលអសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើទាំងអស់នោះផងទាន ព្រោះរាល់ថ្ងៃនេះអស់លោកទាំងនោះមិនដែលយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ បណ្ដោយឲ្យពួកឈ្មួញរកស៊ីបើករោងសិប្បកម្មកែច្នៃ បំផ្លិចបំផ្លាញព្រៃឈើធនធានធម្មជាតិតាមតែអំពើចិត្ត។














 

No comments:

Post a Comment

Pages