កំពង់ធំ: កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពេលនោះ មេឈ្មួញឈើ ឈ្មោះធៀប ធួក និង បក្សពួកបានរើឈើទម្លាក់ពីលើឡាន ហើយយកសាំងម៉ាស៊ូតដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ យ៉ាងគឃ្លើនទៀតផង។
សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានស្ទាក់បង្ក្រាបបទល្មើសដែលមេឈ្មួញឈើ ប្រចាំស្រុកសន្ទុកឈ្មោះ ធៀប ធួក ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃអភិរក្សអង់តែន។
រថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ ៣តោន ក្បាលពណ៌ស ទ្រុងពណ៌បៃតង ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុ(ឈើប្រឡៅមូល)ដែលរដ្ឋបាលព្រៃឈើហាមឃាត់។ មកទល់ថ្ងៃទី១៩ខែកញ្ញា វត្ថុតាងប្រភេទឈើចម្រុះ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។ ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះ ធៀប ធួក និង បក្ខពួកយកសាំងដុត ដើម្បីបំភ័យសមត្ថកិច្ច រួចបើករត់គេចបាត់។
ប្រតិបត្តិការនោះ ដឹកនាំដោយលោកលោក តិប ញាតា នាយអធិការ និងលោក ហោ ភាជ នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
សមត្ថកិច្ចកំពុងតែកសាងសំណុំរឿង និងចំណាត់ការបន្តតាមនីតិវិធីច្បាប់។ ក្នុងនោះ ត្រូវស្វែងរករថយន្តដែលជាមធ្យោបាយល្មើស៕
No comments:
Post a Comment