(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដោយសំណេះសំណាល ឧបត្ថម្ភថវិកា ដល់កម្មករ និងប្រជាពលរដ្ឋចំនួន១៧០នាក់ ក្នុងម្នាក់១ម៉ឺនរៀល សរុប១,៧០០,០០០រៀល ព្រមទាំងចែកសារ៉ុងមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ កំពុងដំណើរការសាងសង់បានប្រមាណជិត៨០%ហើយ ដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំ និងទំនើបថ្មីស្រឡាងនេះ មានកម្ពស់៤ជាន់ ទំហំ៤,១៣៧ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ ដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ១.៤លានដុល្លារអាមេរិក។
បន្ទាប់មក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេ និងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុច ក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់ មានកំពស់ខ្ពស់ជាងឆ្នាំមុន បើប្រៀបនឹងពេលវេលាដូចគ្នា។
ទំនប់បង្ហៀរទឹកព្រែកតាកុចនេះមានប្រវែងបណ្តោយ១៥០ម៉ែត្រ. ទទឹង៧ម៉ែត្រ ទទួលផលស្រោចស្រពចំនួន១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ចំណាយអស់ថវិកា៦០ម៉ឺនដុល្លា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ៕
No comments:
Post a Comment