ថ្នាក់ដឹកនាំខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, September 12, 2021

ថ្នាក់ដឹកនាំខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្ដាល សំណូមពរដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការប្តឹងផ្តល់។


ការសំណូមពរនេះធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល  តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្ដីពី“ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១" កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល។ 


លោកជំទាវអភិបាលរងខេត្តកណ្ដាល បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ គឺដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដូចនេះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូចនេះហើយទើបគ.ជ.ប យកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោត នាពេលខាងមុខ អោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមអោយមន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការប្តឹងផ្តល់។


លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ទោះបីជាក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែតាមរយៈការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងក៏ដូចជាការគោរពតាមវិធានការចាំបាច់នានាទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអត្រាកើនខ្ពស់ នៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចរួមចំណែក និងអំណោយផលល្អដល់ ដំណើរការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ។


លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់កត់ត្រានូវចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បានបង្ហាត់បង្ហាញ និងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ការបណ្តុះបណ្តាលដល់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមក្រុងស្រុកបន្តទៀត៕






 

No comments:

Post a Comment

Pages