សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ៤ទីតាំង រឹបអូសបានឈើអារ និងឈើមូលជាច្រើនម៉ែត្រគូប នៅស្រុកត្បែងមានជ័យ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, September 3, 2021

សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ៤ទីតាំង រឹបអូសបានឈើអារ និងឈើមូលជាច្រើនម៉ែត្រគូប នៅស្រុកត្បែងមានជ័យ

ខេត្តព្រះវិហារ៖ ឈើអារ ឈើមូល និងឧបរកណ៍កែច្នៃឈើជាច្រើនគ្រឿង ដែលមានតម្លៃច្រើនពាន់ដុល្លារ បានរងការបង្ក្រាប និងរឹបអូសយកចេញ ពីរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ៤ទីតាំង។ ប៉ុន្តែ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស នាំខ្លួនមកអនុវត្តតាមច្បាប់ព្រៃឈើនោះទេ។


ប្រតិបត្តិការកាលពីថ្ងៃទី០២កញ្ញាម្សិលមិញនោះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជា កម្លាំងសមត្ថកិច្ចចម្រុះពី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ បង្ក្រាប និងរឹបអូសឈើ ឧបករណ៍កែច្នៃឈើ ទៅលើ ៤ទីតាំងផ្សេងៗពីគ្នា ស្ថិតនៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។


មន្ត្រីផ្នែកព្រៃឈើត្បែងមានជ័យបានឲ្យដឹងថា នៅក្នុងការបង្ក្រាបទៅលើរោងសិប្បកម្មកែច្នៃឈើ ដោយគ្មានលិខិតអនុញ្ញាតទាំង ៤ទីតាំងនោះ សមត្ថកិច្ចចម្រុះដកហូតបានឈើ២ប្រភេទ គឺប្រភេទឈើអារប្រមាណ ៣ម៉ែត្រគូបត្រីគុណ និងឈើមូល ២៨កំណាត់ តាបឈូសឈើ ០១គ្រឿង ម៉ាស៊ីនគោយន្ត០១គ្រឿង  និងឌីណា០១គ្រឿង ផងដែរ។ 


លោកថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទាំងនោះទេ ក្នុងមូលហេតុ ដោយសារក្រុមនេះបានដឹងខ្លួន និងរត់គេចមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបង្ក្រាប។


មន្ត្រីព្រៃឈើដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនវត្ថុតាងបទល្មើស ដែលរឹបអូសបាននាពេលនោះ រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការប្រមូល និងដឹកជញ្ជូន ដើម្បីយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់។


អភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ បានបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចង់បើកអាជីវកម្មកែច្នៃផល-អនុផលព្រៃឈើ តម្រូវឲ្យបងប្អួន ម្ចាស់អាជីកម្មនីមួយៗ ទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ឲ្យបានត្រឹមត្រូវជាមុនសិន បើពុំនោះទេ អាជ្ញាធរនិងរដ្ឋបាលព្រៃឈើ មិនទទួលខុសត្រូវលើការបើរោងសិប្បកម្ម និងការសន្និធិឈើ ដោយផ្ទុយពីច្បាប់ព្រៃឈើនេះឡើយ៕








 

No comments:

Post a Comment

Pages