ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តជាតិព្រំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃជាមិត្តផងដែរ។
ថ្លែងក្នុងពិធីប្រកាស់ចូលកាន់មុខតំណែងនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍លើកឡើងថា៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញបេសកកម្មការងារនៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំនាក់ទំនងកិច្ចសហការជាមួយស្ថាបននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសិលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្តន៍ឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់កម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន រួមទាំងនគរបាលអន្តោប្រវេសន៍ផងដែរ ត្រូវសហការគ្នា និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។
សូមបញ្ជាក់ថា៖ បើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ផាត សុផាន់ណា ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោកវរៈសេនីយ៍ឯក ផាត់ វីរៈ ដែលត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង។
No comments:
Post a Comment