ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, August 17, 2021

ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទZOOM ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្របែក បានរៀបចំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក និងឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក។


ក្នុងកិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ ទាំង១៣ ព្រមទាំង ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានទី១ ក្រុមការងារឃុំទាំង១៣ និងសមាជិក-សមាជិកា ជាច្រើនរូបទៀតផងដែរ។


ជាការចាប់ផ្ដើម លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្របែក ជូនឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន ព្រមទាំង សមាជិក-សមាជិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ។


ក្រោយស្ដាប់របាយការណ៍រួច ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារស្រុកកំពង់ត្របែក ក៏បានមានមតិណែនាំឱ្យក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្របែក ដើម្បីមានវិធានការបន្ទាន់ ស្របតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាល ក្នុងការកាត់ផ្តាច់ប្រភពចម្លងនៃមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។


សូមជម្រាបជូនថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មីប្រភេទ Delta ក្នុងខេត្តព្រៃវែង៕






 

No comments:

Post a Comment

Pages